ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៤នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកូរ៉េដឹកគ្រឿងសំណង់បើកបុករះរថយន្តចំនួន២គ្រឿង រុញទៅលើសួនចិញ្ចើមផ្លូវ ខូចខាតរថយន្តទាំង៣គ្រឿង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះរងរបួសទាំង៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងនោះរងរបួសធ្ងន់៣នាក់ ទី១ ឈ្មោះ ម៉ៅ ពៅ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ ក្បែរកន្លែងកើតហេតុ ។ ទី២ ឈ្មោះ ទៀន សុភ័ណ្ឌ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ នៅក្បែរកន្លែងកើតហេតុ ។ ចំណែកបុរសរងគ្រោះ២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងសភាពវង្វេងបាត់ស្មារតី ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តរថយន្តកូរ៉េ ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-5717 ដឹកគ្រឿងសំណង់ បើកលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ វ៉ាជែងមិនផុតក៏ជ្រុលទៅបុក រថយន្តម៉ាក MITSUBISHI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2516 ក្នុងដំណើរស្របទិស ហើយរថយន្តបង្ករេចង្កូតបន្តទៅបុក រថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7518 ដឹកកម្មករ (ជនរងគ្រោះ) ដែលកំពុងបើកច្រាសទិសគ្នា រុញទៅលើសួនចិញ្ចើមផ្លូវ បណ្តាលឱ្យកម្មករសំណង់ចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ចំណែកអ្នកបើកបររថយន្តបង្ក រត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកស្ត្រីរងគ្រោះ២នាក់ទៅមន្ទីរពេទ្យរុស្សុី ចំណែកបុរសរងគ្រោះ២នាក់ទៀត ត្រូវបានរថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកច្បារអំពៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

រថយន្តទាំង៣គ្រឿងរងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖សេង សាវី

