ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគនរឿង ជិះដោយបុរសម្នាក់ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកឆ្លងផ្លូវទៅបុក បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ហើយរថយន្តបើករត់គេចទៅបាត់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ចីលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-6615 ជិះពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក បើកឆ្លងផ្លូវពីជើងទៅត្បូង បុកពេញទំហឹង បណ្តាល ឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ម៉ូតូខ្ទេចមួយកំណាត់មុខ ឃើញឱកាសស្ងាត់ រថយន្តបើករត់គេចទៅកើតបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី២ រងចាំប្រគល់ជូនជំនាញធ្វើការស្រាវជ្រាវ ស្វែងរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

