ភ្នំពេញ ៖ បុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាជិះម៉ូតូរេពេញផ្លូវ ត្រូវបានរថយន្តកុងតឺន័របើកបុកពីក្រោយ រងរបួសធ្ងន់ ហើយរថយន្តបើករត់គេចទៅបាត់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ ជិះម៉ូតូ ម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JW-4027 ក្នុងស្ថានភាពស្រវឹងស្រា ជិះរេពេញផ្លូវ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកលឿនពីកើតទៅលិចជ្រុលបុកពីក្រោយ បណ្តាលឱ្យផ្លោងខ្ទាត រងរបួសធ្ងន់ ហើយរថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកផ្នែកជំនាញ និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្កមកដោះស្រាយគ្នាជាក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.