ទីក្រុងគូឡាឡាំពួរ៖ យន្តហោះធុនស្រាលមួយគ្រឿង បានធ្លាក់នៅជិតទីក្រុងមួយក្នុងរដ្ឋ Selangor របស់ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃអង្គារ (ទី១៣ ខែកុម្ភៈ) ដោយបានសម្លាប់អ្នកបើកយន្តហោះ និងមនុស្សម្នាក់ទៀតនៅលើយន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមមេប៉ូលីស Selangor លោក Hussein Omar Khan បានប្រាប់ថា យន្តហោះខ្នាតតូចនេះ បានធ្លាក់នៅម៉ោងប្រហែល ១:៤៥នាទីរសៀល ដោយយន្ដហោះនោះ គឺជាយន្តហោះសម្រាប់កម្សាន្ត។
លោកបានបន្ដថា «អ្នកបើកយន្តហោះ គឺជាគ្រូបង្វឹកម្នាក់ ធ្វើការនៅក្លឹបហោះហើរកម្សាន្តមួយកន្លែង ចំណែកឯអ្នកដំណើរ គឺជាសមាជិករបស់ក្លឹប។ សាកសពជនរងគ្រោះទាំង ២នាក់ ជាជនជាតិម៉ាឡេស៊ី ត្រូវបានរកឃើញនៅជាប់កាប៊ីនយន្ដហោះ។

អាជ្ញាធរបានបន្ដថា យន្ដហោះនេះបានកប់នៅក្នុងដីជម្រៅប្រហែល ២ម៉ែត្រនៅក្នុងដីចម្ការដូងប្រេងមួយកន្លែងក្នុងប្រទេស ដោយឡែកសាកសពទាំង២ នឹងត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ។

លោក Hussein បាននិយាយថា ក្រុមជួយសង្រ្គោះចំនួន ១៥០នាក់មកពីភ្នាក់ងារផ្សេងៗ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាញយកសាកសពចេញពីយន្ដហោះ។ លោក បន្ថែមថា ការធ្លាក់យន្តហោះនេះ មិនបណ្តាលឱ្យមានការខូចខាតផ្ទះសម្បែងនៅជុំវិញតំបន់នោះទេ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានធ្លាក់នៅជិតទីក្រុង Kapar ក្នុងស្រុក Klang នៃរដ្ឋ Selangor។

យោងតាមនាយកប្រតិបត្តិអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី CAAM លោក Norazman Mahmud បាននិយាយថា យន្តហោះដែលបានធ្លាក់នេះ ជាប្រភេទ Blackshape BK160 Gabriel ដំណើរការដោយ Air Adventure Flying Club។

លោក Norazman បន្តថា យន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋាន Sultan Abdul Aziz Shah ក្នុងទីក្រុង Subang រដ្ឋ Selangor នៅម៉ោង ១ និង២៨នាទីរសៀល ជាជើងហោះហើរកម្សាន្ត។ ហើយសម្រាប់ការទាក់ទង មិនមានសញ្ញាណាមួយបង្ហាញពីការសុំជំនួយឡើយ៕

