នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ នេះ​ ក្រសួង​កិច្ច​ការនារី​​បាន​ចេញ​កំណាព្យ​មួយ​ដែល​មា​ន​ចំណងជើង​ថា​៖ «១៤កុម្ភៈ​ដូច​ធ្លាក់​ជ្រោះ​កម្ម» ប៉ុន្តែ​អត្ថន័យ​នៃ​កំណាព្យ​នេះ​ ហាក់​មិន​ទទួល​បាន​ការ​សាទរ​និង​សរសើរ​នោះ​ឡើយ ព្រោះ​បើ​មើល​តាម​មតិ​យោបល់​អ្នក​ដែល​បាន​អាន​កំណាព្យ​នេះ​រួច ស្ទើតែ​គ្រប់​គ្នា​ សុទ្ធតែ​មិន​គាំទ្រ​នូវ​ទស្សនៈ​ដែល​បាន​សរសេរ​ក្នុង​កំណាព្យ​នោះ​ឡើយ​។

កំណាព្យ​ដែល​ទទួល​រង​នូវ​ប្រតិកម្ម​នេះ​ជា​ស្នាដៃរបស់ សា ចាន់វ៉ាត មាន​ខ្លឹម​សារ​ទាំង​ស្រុង​ថា​៖

-១៤ កុម្ភៈ​ធ្លាក់​ស្នេហ៍​អប្រិយ អស់ព្រហ្មចារីលែខាតទាំង​ខ្លួន លង់ផ្កាមួយ​ទង​បេះដូងអង្រួន ប្រលោមមាសស្ងួន​ពួនយក​កេរ្តិ៍ម៉ែ។
-ដើរហិចដើរហើរភ្លើតភ្លើនតាម​គ្នា ឡើងសណ្ឋាគារខុសវប្បធម៌ខ្មែរ អាងសិទ្ធិសេរី​ស្ដីប្រាប់​មិន​កែ ប្រុសម្នាក់​ប្រួលប្រែដៀលប្រុស​ទាំង​អស់។
-សប្បាយហ៊ឺហារ​ស្នេហាយុវវ័យ ពោះធំឥតប្ដីរីងរៃ​ក្រៀមក្រោះ ឈឺចាប់អួលណែនប្រែទាំងសម្រស់ អានស្ដាប់គិតចុះបើខុសកែខ្លួន។

យ៉ាងណាមិញ កំណាព្យ​ដែល​ក្រសួង​បានយក​មក​បង្ហោះ​ចែក​រំលែក​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​នេះ កំពុង​តែ​ត្រូវ​បាន​សាធារណជន​ និង​អ្នក​លេង​បណ្ដាញសង្គម​មួយ​ចំនួន​ធំ​បញ្ចេញ​ទស្សនៈ​មិន​គាំទ្រ​ឬ​យល់ស្រប​ចំពោះ​ទស្សនៈ​របស់​អ្នក​និពន្ធ​ ដែល​បាន​លើក​ឡើង​ក្នុង​កំណាព្យ​នេះ​ឡើយ​ ដូច​មាន​ការ​លើក​ឡើង​ខាងក្រោម​នេះ​៖

«ក្រសួងយល់ថាល្អមានន័យណាស់ឬកំណាព្យមួយនេះ ទើបសម្រេចយកមកផុសបន្ត? មើល៍ស្មេរ ចេញមុខមកតិចមើល! ដើរហិចហើរ? អាងសិទ្ធិសេរីស្តីប្រាប់មិនកែ? ពាក្យសម្តីអ្វីហ្នឹង? មនុស្សមួយចំនួនកំពុងកែប្រែឈានទៅលុបបំបាត់ social norm and ក្រសួងកិច្ចការនារីចេញមកចឹង…? Speechless ម៉ង!! »
«គួរតែបំផុសគំនិតឲ្យស្រឡាញ់យាយតាមាតាបិតាបងប្អូនជាងបំផុសគំនិតបែបដូចនេះ»
«ប្រុសម្នាក់ប្រួលប្រែដៀលប្រុសទាំងអស់? ត្រូវហើយ ត្រូវតែដៀលចឹង ដើម្បីឲ្យដឹងខ្យល់ ដៀលដល់ពូជម៉ែឪអាប្រុសនឹងទៀត ពោះធំឥតប្ដីរីងរៃក្រៀមក្រោះ? ហើយរួមភេទទាំងពីរនាក់ ខុសតែខាងស្រី? ហើយអាអ្នកសរសេរកំណាព្យនឹងអីក៏ឲ្យប្រុសៗយករួចខ្លួនមេស ចេញមកឡប់តែម៉ង់ សុំស្គាល់មុខអ្នកសរសេរកំណាព្យនឹងតិច »
«សារមួយនេះ បង្ហាញថាក្រសួងនៅមានទស្សនៈដូចជានៅឆ្នាំ 1980 នៅឡើយទេ។ ហេតុអ្វីក៏យកវប្បធម៌ខ្មែរមកចងនឹងព្រហ្មចារីយ៍នារីទៅវិញ? ខ្ញុំពិតជាឆ្ងល់ណាស់ថា មានសកម្មភាពណារបស់មនុស្សប្រុសដែលត្រូវបានយកមកចងនឹងវប្បធម៌ខ្មែរដូចគ្នាដែរឬទេ? ពេលដែលប្រុសស៊ីផឹក មានស្រីក្រៅ ធ្វើបាបសម្លាប់មនុស្សស្រីក្នុងជីវិតគាត់ នោះជាអំពើបុគ្គលម្នាក់ មិនដែលឃើញមាននរណាថាគាត់ធ្វើនេះប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរសោះ? ក្រសួងកិច្ចការនារី គួរតែយកកម្លាំង និងពេលវេលាការពារសិទ្ធិរស់នៅពេញលេញរបស់នារី ជាពិសេស គួរយកពេលនោះមករៀបវិធានការ មានសកម្មភាពជាក់លាក់ក្នុងការបង្ការ និងការពារស្ត្រីដែលជាជនរងគ្រោះពីអំពើហឹង្សា គាបសង្កត់ និងការធ្វើបាប ដោយមិនមែនចេញតែក្រដាសមួយសន្លឹកចប់។ ឧទាហរណ៍រឿងប្អូនស្រីដែលជាជនរងគ្រោះ ត្រូវបានសម្លាប់ដោយឃាតករដែលជាមេធាវីថ្មីៗនេះ។ មុននឹងរឿងហេតុកើតឡើង ម្តាយគាត់បាននិយាយថា ជនរងគ្រោះ និងក្រុមគ្រួសារបានទទួលការគំរាមជាច្រើនដងពីឃាតករ តែពួកគាត់មិនដឹងថាត្រូវធ្វើយ៉ាងណាឡើយ។ នេះជាករណីដែលក្រសួងកិច្ចការនារីគួរយកមកពិចារណា និងស្ទុះស្ទារធ្វើការ ដើម្បីធានាថា មានវិធានការជាក់ច្បាស់ សំរាប់នារីដែលទទួលបានការគំរាមពីសង្សារ ប្តី ឬអតីតដៃគូ អាចទទួលបានការកក់ក្តៅ និងថែទាំពីក្រសួង! »

មក​ទល់​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ឃើញ​មាន​កា​រឆ្លើយតបណាមួយ​ពី​ក្រសួង​កិច្ចការនារី​នៅឡើយទេ​៕


Share.