រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរដោយមន្ត្រីនគរបាលម្នាក់ រួមដំណើរជាក្រុមគ្រួសារ សរុប៥នាក់ បើកចុះឆ្លងទូកដ តែជាន់ហ្គែរជ្រុល បោលស្ទុះរអិលហួសធ្លាក់ចូលក្នុងទឹក ទន្លេបាសាក់លិចបាត់ សំណាងល្អមនុស្ស៥នាក់ជួយសង្គ្រោះទាន់ពេលវេលា កាលពីវេលា ម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចកំពង់ដ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

រថយន្តជួបគ្រោះថ្នាក់ខាងលើបើកបរដោយបុរសឈ្មោះ សាម សុវ៉ាត់ ហៅប្លោក ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍តាលន់ ស្រុកស្អាង មានទីលំនៅភូមិ-ឃុំកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នករួមដំណើរក្នុងរថយន្តរួម មាន ទី១-ឈ្មោះ ថា ស៊ីធូ ភេទស្រី អាយុ៤១ឆ្នាំត្រូវជាប្រពន្ធ  ទី២-ឈ្មោះ ឃុន សឿន ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវជាម្តាយ  ទី៣-ឈ្មោះ សុវ៉ាត់ ចាន់សីហារ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូន ទី៤-សុវ៉ាត់ ចាន់បរមី ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន អ្នកទាំង៤មានទីលំនៅជាមួយគ្នា ។

បើតាមសមត្ថកិច្ច មុនកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានបើករថយន្តចុះទូកដ បំណង ឆ្លងទៅត្រើយខាងកើត លុះពេលចុះដល់លើទូកដហើយ ជនរងគ្រោះបានជាន់ហ្គែរបន្ថែម បែជារថយន្តស្ទុះរអិលហួសទូកដ ជ្រុលធ្លាក់ចូលក្នុងទឹកទន្លេ ។

ក្រោយហេតុការណ៍កើតឡើងភ្លាមៗពលរដ្ឋលើទូកដ និងទូកខ្មែរ ឥស្លាម បានជួយសង្គ្រោះ ភ្លាមៗ លិចតែរថយន្តចូលទៅក្នុងទឹកទន្លេ ហើយត្រូវបានស្ទូចលើកឡើងគោកវិញ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.