ទីក្រុងហ្សាការតា៖ ប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់ បានបោះឆ្នោតនាថ្ងៃពុធ នេះ នៅទូទាំងប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីជ្រើសរើសតំណាងនៅក្នុងសភា និងប្រធានាធិបតីថ្មី ដែលនឹងត្រូវមកស្នងតំណែងពីអតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលលាលែងពីតំណែង ដោយគេកំពុងតាមដានថា តើនរណាជាអ្នកកាន់អំណាចនៃលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតលំដាប់ទី៣ របស់ពិភពលោកបន្ដ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកបោះឆ្នោត មិនមែនត្រឹមជ្រើសរើសតែប្រធានាធិបតី និងអនុប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវជ្រើសរើសសមាជិកសភាចំនួន៥៨០រូប និងតំណាងរាស្រ្តប្រចាំតំបន់ជាង២០,០០០នាក់ផងដែរ។
ការបោះឆ្នោត ដើម្បីជំនួសតំណែងរបស់លោក Widodo ដែលត្រូវបានគេស្គាល់ថាជា Jokowi បានធ្វើឱ្យលទ្ធផលរបស់អតីតអភិបាលខេត្ត២រូប គឺលោក Ganjar Pranowo និងលោក Anie Baswedan តាមពីក្រោយ លោក Prabowo Subianto ជាគូប្រជែង ដែលកំពុងទទួលបានលទ្ធផលនាំមុខគេ គិតត្រឹមរសៀលថ្ងៃពុធ នេះ។

ការស្ទង់មតិចំនួនពីរកាលពីសប្តាហ៍មុនបានព្យាករថា លោក Prabowo នឹងឈ្នះសំឡេងភាគច្រើន និងរួចផុតការប្រកួតជុំទីពីរ។ ការស្ទង់មតិទាំងនោះបានបង្ហាញថា លោក Prabowo មានការគាំទ្ររហូតដល់ ៥១.៨% និង៥១.៩% លើសពីសំឡេងគាំទ្ររបស់ លោក Anies និងលោក Ganjar ដើម្បីទទួលបានលទ្ធផលឈ្នះទាំងស្រុង បេក្ខជនម្នាក់ត្រូវការសំឡេងគាំទ្រលើសពី ៥០% និងទទួលបានសន្លឹកឆ្នោត ២០% នៅក្នុងពាក់កណ្តាលនៃខេត្តរបស់ប្រទេស។

ការិយាល័យបោះឆ្នោតជាង ៨០០,០០០កន្លែង ចាប់ផ្តើមបើកទ្វារទូទាំងប្រទេសប្រជុំកោះមួយនេះ ហើយក្នុងការបោះឆ្នោត មានបេក្ខជនជិត២៦០,០០០នាក់បានចុះឈ្មោះ និងមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។

ទាក់ទិននឹងបញ្ហានេះ ការបោះឆ្នោតនៅទីក្រុងហ្សាកាតា បានចាប់ផ្តើមជាមួយនឹងព្យុះផ្គររន្ទះ បង្កឱ្យមានទឹកជំនន់នៅផ្នែកខ្លះនៃរដ្ឋធានីរបស់ឥណ្ឌូនេស៊ី រំខានដល់ការបោះឆ្នោត។ យ៉ាងហោចណាស់ការិយាល័យបោះឆ្នោត ចំនួន ៣៤ទីតាំង ត្រូវបានរងផលប៉ះពាល់ ប៉ុន្តែទំហំនៃការពន្យារពេលមិនច្បាស់ទេ ឬថា តើវានឹងប៉ះពាល់ដល់ចំនួនអ្នកទៅបោះឆ្នោតដែរឬទេ ខណៈលទ្ធផលបឋម នឹងត្រូវប្រកាសនៅយប់នៃថ្ងៃបោះឆ្នោតនេះតែម្ដង៕

