ភ្នំពេញ៖ រថយន្តកូរ៉េឃ្លុបដឹកទំនិញមួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម បំណែកផ្លូវម្ខាងទៀតដែលបម្រុងបត់ឆ្លងផ្លូវដូចគ្នា បណ្តាលឱ្យកៀបរងរបួសជើងឆ្វេង។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ទល់មុខក្លោងទ្វារវត្តព្រៃស្ពឺ ចំណុចភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា នៅមុនកើតហេតុ ខណៈដែលជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-0665 ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត កូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BO-4059 បើកឆ្លងផ្លូវពីកើតទៅលិចបុកតែម្តង។

ជនរងគ្រោះរងរបួសជើងឆ្វេងធ្ងន់ ត្រូវបានមិត្តភក្តិរួមការងារ ជួយគ្រាទៅកៀនខាង និងនាំជូនទៅពេទ្យព្យាបាលរបួស រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌរងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.