ទីក្រុងហ្សាការតា៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី និងជាអតីតរដ្ឋមន្រ្តីការពារជាតិ លោកឧត្តមសេនីយ ប្រាបូវ៉ូ ស៊ីបៀនតូ (Prabowo Subianto) ដែលធ្លាប់ត្រូវបានហាមឃាត់មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិកអស់រយៈពេល ២ទសវត្សរ៍នោះ បានអះអាងពីជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NPR News នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ចុចអាន៖ ឥណ្ឌូនេស៊ី ចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំថ្ងៃបុណ្យនៃក្ដីស្រឡាញ់…!

ទាក់ទិននឹងបញ្ហានេះ បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ប្រាបូវ៉ូ ស៊ីបៀនតូ (Prabowo Subianto) បានសន្យាថា នឹងដឹកនាំ គាំពារ និងការពារប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ខណៈរូបលោកបានទទួលជ័យជម្នះប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទកាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ទន្ទឹមនឹងការរាប់សន្លឹកឆ្នោតឯករាជ្យយ៉ាងឆាប់រហ័សបង្ហាញថា លោកបានឈ្នះសំឡេងគាំទ្រជិត ៦០% នៃសន្លឹកឆ្នោត។

ទន្ទឹមនោះ លោក ប្រាបូវ៉ូ បានប្រកាសថា នឹងធ្វើជាប្រធានាធិបតី និងជាអនុប្រធានសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ អំឡុងថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់ពាន់នាក់នៅទីលានកីឡាដ៏ធំ។
ការស្ទង់មតិថ្មីៗបានបង្ហាញថា អតីតមេបញ្ជាការកងកម្លាំងពិសេសអាយុ ៧២ឆ្នាំរូបនេះ មានសំឡេងគាំទ្រភាគច្រើនលើសពី ៥០% ទូទាំងប្រទេស និងទទួលបានសំឡេង ២០% នៅក្នុងពាក់កណ្តាលនៃខេត្តរបស់ប្រទេសនេះ ដោយមិនតម្រូវឱ្យមានការបោះឆ្នោតជុំបន្តឡើយ។

នៅការិយាល័យបោះឆ្នោតក្នុងទីក្រុងហ្សាកាតា សន្លឹកឆ្នោតត្រូវបានទាញចេញពីប្រអប់ដោយប្រើដៃផ្ទាល់របស់ក្រុមការងារ និងប្រកាស រាប់យ៉ាងឮៗ ដោយតម្លាភាព ខណៈប្រទេសមួយនេះ គឺជាប្រទេសប្រជាធិបតេយ្យធំជាងគេទី៣ របស់ពិភពលោក ដែលមានប្រជាជនរស់នៅច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយអ្នកមានសិទ្ធិបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំថ្មី មានរហូតដល់ជាង ២០០លាននាក់ មកពីពាសពេញប្រជុំកោះដែលមានជាង១៧,០០០កោះ។

យ៉ាងណាម៉ិញ អ្នកវិភាគនិយាយថា ការបោះឆ្នោតសប្តាហ៍នេះនៅប្រទេសឥណ្ឌូនេស៊ី អាចសម្រេចថា តើលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនរក្សាគន្លងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកំណែទម្រង់នយោបាយ ឬថយក្រោយឆ្ពោះទៅរកនយោបាយផ្តាច់ការកាលពីមួយជំនាន់មុនដែរឬយ៉ាងណា៕

