ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ជិះម៉ូតូមិនបានប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូកង់បី កំពុងឈប់ចតត្រង់ទីងងឹត បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងស្តាំ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះឈ្មោះ អ៊ូលី សុវណ្ណារ៉ា អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ វិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើងស្តាំ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុក្មេងប្រុសរងគ្រោះជិះម៉ូតូហុងដាឌ្រីម ធ្វើដំណើរតាមផ្លូវបេតុងក្នុងភូមិ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោងផង ម្យ៉ាងទីងងឹតទៀត មិនបានប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូកង់បី កំពុងឈប់ចតស្ងៀម បណ្តាលឱ្យរងរបួសធ្ងន់បាក់ជើងស្តាំ រីឯរុឺម៉កម៉ូតូឃើញសភាពបែបនេះ បើកគេចចេញទៅបាត់ស្រមោល។

ក្រោយកើតហេតុក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ៕
អត្ថបទ៖ តាតុងសែនជ័យ

