បុរសម្នាក់ស្លាប់ភ្លាមៗនៅ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្ត កុងតៃន័រ បើកលឿនជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ជាប់អូសជាង៣០ម៉ែត្រ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុប៣០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ដូន ជុំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ តឹង សុគា អាយុ២៥ឆ្នាំ មានកូនប្រុស១នាក់ ស្នាក់នៅ ផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអូររំចេក ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-5303 ជាមធ្យោបាយ ។
ចំណែករថយន្តបង្ក ប្រភេទកុងតៃន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3C-3654 ដឹកអេតចាយ បើកបរដោយបុរសម្នាក់រួមដំណើរដោយស្ត្រីម្នាក់ក្រោយកើតហេតុ បានគេចខ្លួនបាត់ ។
តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ជនរងគ្រោះ ជិះម៉ូតូពីជើងទៅត្បូង ដល់ចំណុចភ្លើងស្តុបបង្អង់ល្បឿន ស្រាប់តែរថយន្ត បង្កបើក ល្បឿនលឿន ពីជើងទៅត្បូងជ្រុលទៅបុកពីក្រោយ កិនបែកក្បាលស្លាប់ ភ្លាមៗ នៅកន្លែង ក្នុងសភាពបែកធ្លាយខួរខ្ចាយពេញផ្លូវ ម៉ូតូកល់ជាប់ពីក្រោមរថយន្តអូសជាង ៣០ម៉ែត្រ ទើបឈប់ ទាំងអ្នកបើកបររថយន្តនិងអ្នករួមដំណើរ ចុះគេចខ្លួនបាត់ ន្សល់ទុក សពជន រងគ្រោះនៅកណ្តាលផ្លូវ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅធ្វើការនៅ ឯការដ្ឋាន សំណង់អ៊ីអន៣ នៅខណ្ឌមានជ័យ ទើបដល់ចំណុចខាងលើជួបគ្រោះថ្នាក់បែបនេះតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្រាវជ្រាវទំនាក់ទំនងទៅក្រុមគ្រួសារដើម្បី ប្រគល់សពជូននិងចាត់ចែងដឹក សព យកទៅធ្វើបុណ្យតាមប្រពៃណី និងប្រគល់មធ្យោបាយ ទាំង២គ្រឿង ឲ្យការិយាល័យចរាចរជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី កសាងឯកសារដោះស្រាយតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ
