ជនរងគ្រោះ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា ក្នុងយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ និងឆ្លងចូលថ្ងៃទី១៦ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ភូមិសាស្រ្តខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថា្នក់ទី១ កើតឡើងកាលពីវេលាម៉ោង៨និង១០នាទី យប់ ថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២១ ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បង្កឡើងរវាងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-6122 បើកពីកើតទៅលិច ជ្រុលបុកម៉ូតូកំពុងជិះឆ្លងផ្លូវ ពីជើងទៅត្បូង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-5007 បណ្តាលឲ្យស្លាប់ម្នាក់។

ជនរងគ្រោះមានឈ្មោះ ម៉ន ផានុត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅ ភូមិស្រែគុយ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំណែកករណីទី២ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បង្កឡើងរវាងរថយន្តកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-4705 បើកពី កើតទៅលិច ល្បឿនលឿនជ្រុលទៅបុកម៉ូតូច្រាសទិស ម៉ាកBeat ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AL-9661 ជិះគ្នា៣នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួស២នាក់ ។

 ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ ឈ្មោះ ប៊ិន សុខា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក ហាង មានស្រុកកំណើត ភូមិតាគ្រួក ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះទាំងពីរ ដើម្បីដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយ ម៉ូតូ២គ្រឿង រថយន្ត២គ្រឿង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.