យ៉ាងហោចណាស់មានមនុស្សពីរនាក់បានត់បាត់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត បែនដឹកដី ១គ្រឿងបើកបរមិនប្រយ័ត្នទៅបុកម៉ូតូទាំងកំរោល នៅស្រុកថ្មគោលខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក ១គ្រឿងនៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ នេះបានបើកបរបត់ឆ្វេងក្នុងល្បឿនលឿនហើយជ្រុលទៅបុកម៉ូតូ ១គ្រឿងបណ្តាលឲ្យប៉ើងខ្ទាត ទៅ ខាងមុខ រួចបុកជាលើកទី ២ កិនមនុស្សស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ០៥ ត្រង់ចំណុចផ្លូវកោងខ្លាំង ស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សាក្សីបានអះអាងថា ជនរងគ្រោះស្លាប់ទាំង ២នាក់ដែលជិះម៉ូតូមានឈ្មោះសឹម សុផាលីន ភេទប្រុស ជាងអាយុ ២០ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ អួន រតនា ហៅ ម៉ៅ ភេទប្រុស អាយុ ១១ឆ្នាំ។ ទាំង ២នាក់ត្រូវជាពូ និងក្មួយនឹងគ្នារស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ចំណែកភាគីខាងរថយន្តបែនដឹកដីក្រោយកើតហេតុបានបើកឡានគេចបាត់ ប៉ុន្តែត្រូវគេស្គាល់ស្លាកលេខរថយន្តលេខ ភ្នំពេញ ៣A-១៦២២។ ក្នុងពេលកើតហេតុបានបើកបរក្នុងទិសដៅពីជើងទៅត្បូង បត់ឆ្វេងឆ្ពោះទៅទិសខាងកើត ។

ប្រភពដដែលបានឲ្យដឹងថា គ្រោះថ្នាក់នេះដំបូងឡើយរថយន្តគ្រាន់តែបុកប៉ះក្បាលម៉ូតូប៉ុណ្ណោះធ្វើឲ្យមនុស្សប៉ើងខ្ទាត តែបែរជាខាងរថយន្តមិនឈប់ចត កាន់តែបង្កើនល្បឿនទៅមុខទៀតទើបកិនទាំងម៉ូតូ ទាំងមនុស្សអូសជាច្រើនម៉ែត្រ ស្លាប់មនុស្សអ្នកជិះម៉ូតូតែម្តង។

សមត្ថកិច្ចជំនាញបានចុះទៅដល់រួចវាស់វែង និងដឹកសាកសពប្រគល់ឲ្យសាច់ញាតិ ចំណែកវត្ថុតាងរថយន្ត ក៏ដូចជាជនបង្កត្រូវកងកម្លាំងបន្តស្វែងរកដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.