បុរសម្នាក់ស្លាប់ក្រោមកង់រថយន្តយ៉ាងអាណោចអធ័ម ខណៈដែលជិះម៉ូតូវិលត្រឡប់មកពីស្រុក ត្រូវបានរថយន្តកុងតៃន័របើកចេញពីផែស្ងួតឆ្លងផ្លូវបុកកិន កាលពីវេលាម៉ោង៩​និង ៣០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខក្រុមហ៊ុន​ផែស្ងួត LYC ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ  ហ៊ុន  សាន់ ម៉ៅ  ភេទប្រុស អាយុ ២៦ឆ្នាំ  មុខរបរ កម្មករ រោងចក្រ ក្រដាស ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  មានស្រុកកំណើត ភូមិកាប់នឹម  ឃុំខ្វាវ  ស្រុកសំរោង ខេត្តតាកែវ  ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ធ្វើដំណើរពីស្រុកឆ្ពោះទៅផ្ទះជួលនៅសង្កាត់ចោមចៅ២ តាមបណ្តោយផ្លូវជាតិ លេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតៃន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-7550 បើកចេញពីក្រុមហ៊ុនផែស្ងួតឆ្លងកាត់ទទឹង ផ្លូវជាតិលេខ៣ បុកកិនជនរងគ្រោះ ស្លាប់កល់ជាប់ក្រោមកង់រថយន្ត រីឯអ្នកបើកបររថយន្ត ឃើញសភាពមិនស្រួលចុះរត់គេចចូលក្នុងក្រុមហ៊ុនបាត់ ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលសពដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យ ការិយាល័យ ចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងនិងយកទៅរក្សាទុក រងចាំ ដោះស្រាយតាមផ្លូវច្បាប់ ៕

Share.