
បើតាមសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន affaseanfootball បានបញ្ជាក់នៅថ្ងៃអង្គារ សប្ដាហ៍នេះថារូបមន្តនៃការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League រដូវកាលឆ្នាំ២០២១ មានការប្រែប្រួល ដោយសារតែស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ប្រភពបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលជាអ្នករៀបចំការប្រកួតលីគក្នុងស្រុក បានសំរេចថាក្រុមកំពូលតារាងទាំង ៨ នៅចុងបញ្ចប់នៃជុំទី ១ ក្នុងចំណោមក្រុមទាំង១៣ក្រុម នឹងឈានទៅប្រកួតរកជើងឯក។ ចំណែកក្រុម៥ ដែលនៅសល់ខាងក្រោមតារាងនឹងត្រូវប្រកួតស្វែងរកក្រុមរក្សាតំណែងលេងក្នុងលីគនិងក្រុមដែលធ្លាក់ទៅលេងនៅលីគទី២។
អត្ថបទពាក់ព័ន្ធ៖កូវីដ-១៩ Delta៖ ពន្យាពេលប្រកួតលីគកំពូលកម្ពុជា និងពានសម្តេចតេជោ រហូតដល់១២សីហា
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២១នេះបានចាប់ផ្ដើមដំណើរការពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ដោយមានសមាជិកក្រុមចំនួន១៣ក្រុមដូចជា អង្គរថាយហ្គឺរ អាស៊ីអឺរ៉ុប បឹងកេត អគ្គីសនីកម្ពុជា គីរីវង់សុខសែនជ័យ ណាហ្គាវើល អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង ព្រៃវែង សូលទីឡូអង្គរ មជ្ឍមណ្ឌលកងយោធពលខេមរភូមិន្ទ និងវិសាខា៕

