ខ្សែប្រយុទ្ធ កែវ សុខផេង អតីតកីឡាកររបស់វិសាខា និងភ្នំពេញក្រោន បានប្រកាសដាក់ដេញថ្លៃស្បែកជើង១គូ ដែលរូបគេពាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្រោយជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយ:ពេល៦៩ឆ្នាំ តម្លៃ១លានរៀល ដើម្បីជួយមន្ទីររពេទ្យគន្ធបុប្ផា។

កែវ សុខផេង បានថ្លែងដូច្នេះថា៖«បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់ប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ។ដែលវាមានតម្លៃសម្រាប់ខ្ញុំខ្លាំងណាស់ព្រោះឆ្នាំ ២០១៩ ខ្ញុំបានទៅលេងវិញ្ញាសាបាល់ទាត់ SEA Games នៅហ្វីលីពីន ហើយក្រុមជម្រើសជាតិកម្ពុជាយើងក៏បានឆ្លងវគ្គ៤ក្រុមចុងក្រោយជាប្រវត្តិសា្រស្តរយះពេល៦៩ឆ្នាំ ដែលយើងមិនបានឆ្លងវគ្គនិង។បន្តាប់មកហើយពេលដែលចប់ SEA Games ភ្លាមខ្ញុំក៏ថែរក្សាស្បែកជើង១គូនេះទុកជាអនុស្សាវរីយ៍រយៈពេល ៦ឆ្នាំមកហើយប៉ុន្តែ បេះដូង និងចិត្តចង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខ្ញុំសម្រេចចិត្តដាក់ដេញថ្លៃចំនួន (មួយលានរៀល) ថវិការទាំងអស់ខ្ញុំនឹងយកជូនមន្ទីររពេទ្យគន្ធបុប្ផា»។

គួរដឹងថា កែវ សុខផេង បានប្រកាសចូលនិវត្តន៍ កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់​ពី​ចំណាយ​ពេល​អស់រយៈពេល ១១ឆ្នាំ ក្រោយ​ផ្ដើម​លេង​បាល់​ទាត់​កម្រិត​អាជីព​ក្នុង​ក្រុម​ចំការ​កៅ​ស៊ូ​បឹង​កេត ឆ្នាំ​២០១២ ហើយរួមចំណែកបានចំណាត់ថ្នាក់លេខ៣ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់​ជាតិ ឆ្នាំ​២០១៤។

ក្នុងអាជីបាល់ទាត់ កីឡាករមានប្រភពពីខេត្តក្រចេះ រូប​នេះ​បាន​បង្ហាញ​សក្ដានុពល​ខ្លាំង​បំផុត គឺ​អំឡុង​ឆ្នាំ​២០១៥-២០១៨ នៅតំបន់ប្រយុទ្ធ ដោយមានដៃគូសហការពី ចាន់ វឌ្ឍនាកា និង​ប្រាក់ មុនីឧត្តម នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

នៅថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៨ បានចូល​រួម​ជាមួយវិសាខា ហើយ​នៅឆ្នាំ២០១៩ ប្អូន​ប្រុស​អតីត​ខ្សែ​ប្រយុទ្ធ កែវ សុខង៉ន បាន​រួម​ចំណែក​ជួយវិសាខាបានលេខ ៣។ ប៉ុន្តែ​ចាប់​ពីឆ្នាំ​២០២០​ដល់​២០២២ គេបាន​រួម​ចំណែក​ឈ្នះ​ជើង​ឯក​ពានរង្វាន់ សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ជាតិ ៣លើក​ជាប់​គ្នា​នៅ​វិសាខា ដែល​ជា​កំណត់​ត្រាថ្មី​មិន​ធ្លាប់​មាន​ពីមុខមក។

ជាមួយគ្នានេះ កែវ សុខផេង ក៏ធ្លាប់បានស្បែកជើងមាសថ្នាក់ជាតិ ក្នុងរដូវកាល២០២១ ផងដែរ ដោយរកបាន៧គ្រាប់។ លើសពី​នេះកីឡាកររូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ដែល​រាប់បញ្ចូលការប្រកួតក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំផងដែរនោះ បានចំនួន ៥៩លើក និងគ្រាប់បាល់សរុបចំនួន ១៤គ្រាប់។

កីឡាករ កែវ សុខផេង កើតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់​រការ​កណ្ដា​ល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខផេង កំពុងលេងអោយក្លឹប វិសាខា ហើយ​ក៏ជា​កីឡាករ​ជម្រើស​ជាតិផងដែរ។ ជាប្អូនប្រុសបង្កើតរបស់កីឡាករ កែវ សុខង៉ន ដែល​ក៏​ជា​អតីត​កីឡា​ក​រជ​ម្រើស​ជាតិ៕

Share.