សត្យា វីលៀម គឺជាកីឡាករបាល់បោះ ដែលមានសមត្ថភាពលេងពូកែ ទើបត្រូវសហព័ន្ធជ្រើសរើសបញ្ចូលជាកីឡាករជម្រើសជាតិកម្ពុជា ក្រៅពីពូកែលេងបាល់ហើយនោះ បុរសខ្ពស់ស្រឡះរូបនេះក៏កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ជាតារាកំពុងតែរះលើ Tiktok ទើបនៅពេលថ្មីៗនេះ ប្អូនប្រុសត្រូវបានជ្រើសរើសជាតួឯកប្រុសក្នុងភាពយន្តអប់រំខ្លីមួយ។
នៅក្នុងភាពយន្តខ្លី «ចិត្តអាក្រក់» សត្យា វីលៀម សម្ដែងជាតួអង្គឯកប្រុសចាប់ដៃគូជាមួយនឹងស្រីស្អាតសេង រដ្ឋា រឿងនេះ ជារឿងអប់រំថ្មី ឆ្លុះបញ្ចាំងនិងបង្ហាញពីជ្រុងពិតមួយក្នុងសង្គម។

បុរសសង្ហាកូនកាត់រូបនេះបានឱ្យដឹងថាកន្លងមកខ្លួនធ្លាប់តែថតផ្សាយពាណិជ្ជកម្ម និងថតជាវីដេអូកំប្លែងខ្លី នៅពេលមកសម្ដែងជាតួអង្គដែលត្រូវបង្ហាញមនោសញ្ចេតនា និងអារម្មណ៍រាងលំបាកសម្រាប់ប្អូនបន្តិចដែរ ប៉ុន្តែប្អូនបានព្យាយាមអស់លទ្ធភាពដើម្បីឱ្យសាច់រឿងនេះចេញមកល្អបរិបូរ។
បុរសកូនកាត់រូបនេះក៏លួចបង្ហើបចរិតតួអង្គខ្លួនក្នុងសាច់រឿង «ចិត្តអាក្រក់» នេះដែរថា ជាកូនអ្នកមានមិនស្គាល់ពីតម្លៃមនុស្ស នៅពេលដែលឃើញសង្សាររបស់ខ្លួនជួយអ្នកដទៃតែងតែបញ្ចេញទឹកមុខនិង អាកប្បកិរិយាមិនសប្បាយចិត្ត។
អ្នកកំលោះរូបនេះ ក៏បានឱ្យដឹងដែរថាទោះជាខ្លួនបោះជំហានចូលសិល្បៈក្ដី តែប្អូនគ្មានថ្ងៃដើរចោលកីឡាបាល់បោះដែលជាក្ដីស្រលាញ់និងក្ដីស្រមៃរបស់ប្អូនតាំងពីកុមារមកនោះទេ។ ចំណែកការរួមសហការថតជាមួយនឹងស្រីស្អាត សេង រដ្ឋា ជាលើកដំបូង វីលៀម បានឱ្យដឹងថាមិនមានបញ្ហាអ្វីនោះទេ ថែមទាំងសម្ដែងបានស៊ីសង្វាក់គ្នាផងដែរ។ វីលៀមសង្ឃឹមថារឿងដំបូងបែបអប់រំមួយនេះនឹងទទួលបាននូវការគាំទ្រនិងសាទរពីសំណាក់អ្នកទស្សនាព្រោះសាច់រឿងនេះមានបង្កប់នូវខ្លឹមសារនិងសារអប់រំមួយដ៏ល្អសម្រាប់សង្គមជាតិ។
សត្យា វីលៀម បច្ចុប្បន្នមានអាយុ២១ ឆ្នាំ មានកម្ពស់ ១.៨៥សង់ទីម៉ែត្រ ជានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យ ជាកូនកាត់កម្ពុជាស្វីស ដោយមានអ្នកម្ដាយជាជនជាតិខ្មែរ និងលោកឪពុកជាជនជាតិស្វីស៕



