ក្រុម​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​ក្នុង​សាលTIGER ឆ្នាំ២០២០ ក្លិបតារាមហាហង្ស (Mohahang All Star FC) ជា​ក្លិប​បាល់ទាត់​ហ្វូតសាល​ទី៣ របស់​កម្ពុជា មាន​ឈ្មោះ​ចេញ​ទៅ​ចូលរួម​ប្រកួត​ជើង​ឯក​​តំបន់​អាស៊ាន AFF Futsal Club Championship បន្ទាប់​ពី​ក្រុម​កំចាយមារអែហ្វស៊ី និង​ក្រុម​ដោនថោនស្ពត​អែហ្វស៊ី។

ពានរង្វាន់ AFF Futsal Club Championship នៅ​ខេត្ត​ Ratchashima ប្រទេស​ថៃ ពីថ្ងៃទី១២ដល់១៨ ខែកញ្ញា ឆ្នាំ២០២១ នៅប្រទេសថៃ ដោយ​មាន​ក្រុម​ចំនួន​​៦​ក្នុង​តំបន់​ប្រកាស​ចូលរួម ក្នុង​នោះ​មាន៖
-ក្រុម Port ASM របស់​ថៃ
-ក្រុម Sahako FC របស់​វៀតណាម
-MIU FC របស់​មីយ៉ាន់ម៉ា
-Mohahang All Star FC របស់​កម្ពុជា
-Selangor FA របស់​ម៉ាឡេស៊ី
-SKN FC Kabumen របស់​ឥណ្ឌូណេស៊ី

ពានរង្វាន់ AFF Futsal Club Championship រៀបចំ​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​២០១៥ ហើយ​ក្នុង​នោះ​ក្រុម​មក​ពី​ប្រទេស​ថៃ ឈ្នះ​ជើង​ឯក​គ្រប់​សម័យកាល​ដោយ​ក្រុម Port ឈ្នះ​៣លើក ក្រុម Bangkok BTS FC និង​ក្រុម Chonburi Bluewave ម្នាក់​១លើក។

ចំពោះ​កម្ពុជា ធ្លាប់​បាន​បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត​ចំនួន​២លើក​មក​ហើយ​ដោយ​ក្នុង​នោះ​នៅ​ឆ្នាំ​២០១៨ ក្រុម​កំចាយមារអែហ្វស៊ី បាន​ចូលរួម​ប្រកួត ដោយ​ស្ថិត​នៅ​បាត​តារាង​ពូល A ក្រោយ​ចាញ់​ក្រុម East Coast Heat របស់​អូស្រ្តាលី ៨-០ បន្ត​ចាញ់​ក្រុម MIC របស់​មីយ៉ាន់ម៉ា ៤-២ និង​ចាញ់​ក្រុម Arbisyam របស់​ប្រ៊ុយណេ ៧-៦។

ដោយ​ឡែក​នៅ​ឆ្នាំ​២០១៩ វិញ​ក្រុម​ដោនថោនអែហ្វស៊ី បាន​ចូលរួម​តំណាង​ឱ្យ​កម្ពុជា ដោយ​ប្រកួត​ឈ្នះ​លើ​ក្រុម Melaka United ដោយ​លទ្ធផល​៥-៤ ហើយ​បន្ត​ចាញ់​ក្រុម MIU របស់​មីយ៉ាន់ម៉ា ៩-៣។ ក្រុម​នេះ​ឈរ​ចំណាត់​ថ្នាក់​លេខ២ ក្នុង​ពូល B ហើយ​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ប៉ះ​ក្រុម Chonburi Bluewave របស់​ថៃ តែ​ចាញ់​ ១៧-០ និង​បន្ត​ចាញ់​ក្រុម​ MIU ដោយ​លទ្ធផល​៩-៥៕

Telegram-Troryorng
Share.