សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប លោក ប៊ុន ណារិន បានឲ្យដឹងថា គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលអំបិលសម្គាល់ភូមិសាស្ត្រ (GI) ទៅកាន់អឺរ៉ុបចំនួន ១៧០,០០០តោន តែបើបូកសរុបទាំងការនាំចេញរាយរងទៀត គឺមានចំនួនជាង ១៨០,០០០តោន ខណៈសមាគមកំពុងចរចា និងរៀបចំនាំចេញបន្ដទៅទីផ្សារអាមេរិកទៀត។
លោក ណារិន សង្ឃឹមថា ដំណើរនេះនឹងជោគជ័យនៅក្នុងឆ្នាំ២០២៤ ហើយកម្ពុជានឹងមានឱកាសនាំអំបិល GI កាន់តែច្រើនទៅទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា អំបិលកំពត-កែបត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមគ្នាជាមួយផលិតផលកម្ពុជា ២ប្រភេទទៀត គឺ ទឹកត្រីកំពត-កែប និងបង្កងតាកែវ នៅថ្ងៃទី ២៦ មេសា ឆ្នាំ២០២៣ ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក។

លោក ប៊ុន ណារិន បានប្រាប់សារព័ត៌មានត្រយងថា មកដល់ដើមឆ្នាំ២០២៤ សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ទទួលបានសមាជិកជាម្ចាស់ស្រែអំបិលចំនួន១១នាក់ ដែលសមត្ថភាពផលិតអំបិលបាន ១ម៉ឺនតោន និងក្រុមហ៊ុនកែច្នៃ និងវេចខ្ចប់ចំនួន៤។ លោកបញ្ជាក់ថា «គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ សមាគមផលិតអំបិលបាន៖ លេខ១ ចំនួន ២៧៥តោន លេខ២ ចំនួន ១,៣៣០តោន លេខ៣ ចំនួន ២,៥៧០តោន និងផ្កាអំបិលចំនួន ២តោន »។

យោងតាមលោកស្រី ស៊ឹម ណារី ប្រធានស្ដីទី នៃមន្ទីរឧស្សាហកម្ម ខេត្តកំពតបានឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល ធ្វើឲ្យការផលិតអំបិលបានល្អប្រសើរ និងប្រមូលផលអំបិលបាន ជាង៣ម៉ឺនតោន។ លោកស្រីបន្តថា «ប្រសិនអាកាសធាតុបន្តអំណោយផលបែបនេះ រហូតដល់ខែឧសភានោះ ផលិតផលអំបិលឆ្នាំ២០២៤ អាចទទួលបានដល់ ៨ម៉ឺន ទៅជាង១សែនតោន »។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជាផលិតអំបិលបានជាង ៧៩,០០០ តោន និងនៅសល់បន្ទាប់ពីការប្រើប្រាស់រួចចំនួនជាង១៧,០០០តោន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
អត្ថបទ៖ ឈិន ធារ៉ាត់

