ពេលនេះ ចក្រភពអង់គ្លេសប្រកាសទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន២ម៉ឺននាក់ បន្ទាប់ពីបានឃើញហេតុការណ៍ដ៏រន្ធត់នៅព្រលានយន្ដហោះទីក្រុងកាប៊ុល។
ប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់នឹងទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ក្នុងនាមជាជនភៀសខ្លួន នៅចក្រភពអង់គ្លេស បន្ទាប់ពីក្រុមតាលីបង់ត្រឡប់ មកកាន់អំណាចជាថ្មី នៅអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន បានថ្លែងការណ៍ដោយផ្ទាល់ នៅថ្ងៃពុធនេះ ស្របពេលដែលចក្រភពអង់គ្លេសកំពុងតែតាំងទីលំនៅថ្មីសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះបំផុត។
ចក្រភពអង់គ្លេសនឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយនៅឆ្នាំ ២០២១ ចក្រភពអង់គ្លេសមានផែនការទទួលជនភៀសខ្លួនលើកដំបូងចំនួន ៥ពាន់នាក់ ចំពោះស្ត្រីងាយរងគ្រោះ រឺក្មេងស្រី និង មនុស្សចាស់។ វត្តមានក្រុមតាលីបង់គ្រប់គ្រងលើប្រទេសអាហ្វហ្កានីស្ថាន ធ្វើឲ្យស្ត្រីភាគច្រើនស្ថិតក្នុងក្ដីព្រួយបារម្ភយ៉ាងច្រើន ព្រោះកន្លងមកក្រុមនេះធ្លាប់បានគំរាមកំហែងវាយដុំ និងសម្លាប់ស្ត្រីស្លូតត្រង់។

តែទោះជាបែបនេះក្ដី ក៏មិនទាន់គ្រប់គ្រាន់ដែរ ព្រោះចំនួននេះហាក់បីដូចជានៅកម្រិតទាបនៅឡើយ នេះគឺជាសម្ដីរបស់ក្រុមអ្នករិះគន់ដែលរិះគន់ផែនការទទួលជនភៀសខ្លួនពីអាហ្វហ្កានីស្ថានរបស់លោក បូរីស ចនសុន ខណៈដែលសហរដ្ឋអាមេរិកបានត្រៀមយន្ដហោះដើម្បីដឹកប្រជាជនអាហ្វហ្កានីស្ថាន៕

