មណ្ឌលជីវិតថ្មីភ្នំបាក់ក្នុងខេត្តបន្ទាយមានជ័យដែលមានជនស្តារនីតិសម្បទា បន្សាបគ្រឿងញៀនជាង៦៦០នាក់នោះ បានរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីមេរោគកូវីដ១៩ដោយ មានទាំងប្រភេទបំប្លែងថ្មីDeltaផងដែរ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅល្ងាចថ្ងៃទី18 ខែសីហា ឆ្នាំ2021 នេះថា ជនស្តារនីតិសម្បទា បន្សាបសារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ចំនួន៦0១នាក់ ក្នុងចំណោម ៦៦៣នាក់ ដែលកំពុងស្តារនីតិសម្បទា បន្សាបសារធាតុញៀន តាមលទ្ធផលតេស្តរហ័រ (Rapid Test)ឃើញថាបានឆ្លងជំងឺខូវីដ-19 និងមានអ្នកខ្លះបានឆ្លងជំងឺខូវីដ-19ប្រភេទថ្មី ទំរង់ដែលតាផងដែរ។

ចំណែកប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់ លោក ពារ ម៉ានិត បានឱ្យដឹងថា ក្នុងមណ្ឌលមានជនបន្សាបគ្រឿងញៀនប្រមាណជាង ៦00នាក់បានឆ្លងជំងឺខូវីដ-19 និងមាន២៧នាក់ បានរកឃើញឆ្លងវីរុសប្រភេទថ្មី ដែលតា (Delta)។

 រដ្ឋបាលខេត្តបន្ទាយមានជ័យក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុ រាត្រី បានដឹកជញ្ជូនចេញយុវជនញៀនថ្នាំទាំងនោះទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-19 ដែលខេត្តបានរៀបចំទុករួចរាល់ដើម្បីធ្វើព្យាបាលពួកគេ។

ក្នុងនោះ ជនបង្សាបគ្រឿងញៀនចំនួន190នាក់ ត្រូវបានយកមកព្យាបាលនៅមណ្ឌលតាឡាក់ ក្រុងប៉ោយប៉ែត និងកំពុងដាក់កម្លាំងចម្រុះការពារបន្ថែម ក្រែងលមានយុវជនទាំងនោះលួចចេញពីមណ្ឌលព្យាបាលផងដែរ។

បើតាមសមត្ថកិច្ច នៅពីព្រឹកថ្ងៃដដែលនេះ យុវជនបន្សាបប្រមាណ50នាក់ បានលួចរត់ចេញពីមណ្ឌល ព្រោះតែការផ្ទុះខូវីដ-19 នៅក្នុងមណ្ឌលដែលខ្លួនបានស្នាក់នៅ តែត្រូវកម្លាំងកម្លាំងចម្រុះតាមឃាត់ខ្លួនមកវិញ៕

អត្ថបទ៖ប៉ោយប៉ែត

Share.