ចាប់ពីថ្ងៃទី១៨ដល់២៤ខែសីហាឆ្នាំ២០២១នេះ កម្ពុជារងនូវឥទ្ធិពលកម្មរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត១០ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ននៅចន្លោះ ម៉ោង១០ព្រឹកដល់ម៉ោង២ រសៀល។
សូមប្រិយមិត្តអ្នកអានមកស្វែងយល់អំពីកម្មរស្មីពណ៌ស្វាយ(UV)ដែលក្រសួងបរិស្ថាន បានបរិយាតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែលមានដូចតទៅ៖
សន្ទស្សន៍កាំរស្មី (UV)បែងចែកជា៥ពណ៌តាមកម្រិតនីមួយៗចាប់ពីកម្រិតហានិភ័យទាប រហូតដល់ កម្រិតខ្ពស់ខ្លាំងណាស់។
-សន្ទស្សន៍០ទៅ ២ មានពណ៌បៃតង ជាពណ៌ដែលមានហានិភ័យទាប។ វាមានគ្រោះថ្នាក់ ទាបសម្រាប់មនុស្សទូទៅដោយតម្រូវឱ្យពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ។ ប្រសិនបើលោក អ្នកងាយរងឥទ្ធិពលដោយសារពន្លឺព្រះអាទិត្យ និងប្រើឡេការពារកំដៅថ្ងៃ។
-សន្ទស្សន៍កាំរស្មីយូវី ពី៣ទៅ៥ មានពណ៌លឿង កម្រិតហានិភ័យមធ្យម ពីកាំរស្មីពន្លឺ ព្រះអាទិត្យ។ ត្រូវស្ថិតនៅក្នុងម្លប់នៅពេលថ្ងៃត្រង់ជាពេលដែលព្រះអាទិត្យមានពន្លឺខ្លាំងបំផុត ប្រសិនបើនៅខាងក្រៅចូរស្លៀកសំលៀកបំពាក់វែងពាក់ស្រោមដៃដែលការពារកំដៅថ្ងៃ ពាក់មួកដែលមានហាម និងពាក់វ៉ែនតាការពារ និងលាបឡេការពារកម្ដៅថ្ងៃ។
-សន្ទស្សន៍កាំរស្មីយូវី ពី៦ទៅ៧ ជាពណ៌ លឿងទុំកម្រិតហានិភ័យខ្ពស់ នៅពេលស្ថិតនៅ ក្រោមពន្លឺព្រះអាទិត្យយូរ។ ត្រូវប្រើប្រាស់ឧបករណ៍ និងផលិតផលការពារការរលាកស្បែក គឺជាការចាំបាច់។ ត្រូវកាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យចន្លោះ ពីម៉ោង១០ទៅ៤ រសៀល ប្រសិនបើនៅខាងក្រៅ ស្វែងរកម្លប់ជ្រកស្លៀកសំលៀកបំពាក់វែង ពាក់ស្រោមដៃការពារកំដៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។
-សន្ទស្សន៍កាំរស្មីយូវី ពី៧ទៅ១០ ពណ៌ក្រហម កម្រិតហានិភ័យខ្ពស់ខ្លាំង មានន័យថា មានហានិភ័យខ្ពស់ពេលដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងការពារបន្ថែមចំពោះស្បែក និងភ្នែក។កាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យ ពីចន្លោះម៉ោង១០ព្រឹកដល់ម៉ោង៤រសៀល។ ប្រសិនបើនៅខាងក្រៅត្រូវស្វែងរកម្លប់ជ្រក ស្លៀកសំលៀកបំពាក់វែង ពាក់ស្រោមដៃការពារកំដៅថ្ងៃ ពាក់មួកដែលមានហាមធំ និង ពាក់វ៉ែនតាការពារកាំរស្មីយូវី។
-សន្ទស្សន៍កាំរស្មីយូវីចាប់ពី១១ឡើងទៅ ពណ៌ស្វាយកម្រិតហានិភ័យខ្ពស់ខ្លាំងណាស់ សន្ទស្សន៍នេះមានន័យថាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ សូមប្រយ័ត្នទាំងអស់គ្នាចំពោះស្បែក និងភ្នែកជៀសវាងការប៉ះពាល់នឹង កម្ដៅថ្ងៃ ចន្លោះម៉ោង១០ ដល់ម៉ោង៤រសៀល។ ប្រសិនបើនៅខាងក្រៅ ស្វែងរកសំលៀកបំពាក់វែង ពាក់ស្រោមដៃការពារកំដៅថ្ងៃ ពាក់មួកដែលមានហាមធំ និងពាក់វ៉ែនតាការពារកាំរស្មីយូវី។

