ម៉ូតូកង់បីមួយគ្រឿងក្រឡាប់ផ្ងារជើងកណ្តាលថ្នល់ ក្រោយពីយុវជន ម្នាក់ជិះម៉ូតូPCXបើក បោះពួយលឿនជ្រុលទៅបុក រងរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង ១ និង៣៥នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុប ផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-6198 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីលិចទៅកើត ។ដល់ចំណុចកើតហេតុ ស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវ ក្នុងគោលបំណងឆ្ពោះទៅផ្លូវQMI ដោយបើកតាមភ្លើងសញ្ញាស្តុបណ៌បៃតង ស្រាប់តែភាគីខាងម៉ូតូ ម៉ាកPCX ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1HP-5440 បើកបោះពួយក្នុងល្បឿនលឿន មិនគោរពភ្លើងសញ្ញាបោល ជ្រុលទៅ បុកពីក្រោយម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់បះជើងច្រងាង រងរបួសធ្ងន់ខ្លួនឯង បាក់ជើងស្តាំ ចំណែកអ្នកបើកម៉ូតូកង់បី រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល។នៅ កន្លែង កើតហេតុ ក្រុមគ្រួសារបានចេញមុខនិយាយសម្រួលគ្នា ដោយលើកយកមធ្យោបាយ ទៅ ជួសជុលរៀងខ្លួន និងព្យាបាលរបួសរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.