សិក្ខាកាមចំនួន ២៤រូប បានបញ្ចប់សិក្សាវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ ដែលទទួលបានការឧបត្តម្ភពីអង្កការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមផ្ដល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ នាព្រឹថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤។
ក្រោយបញ្ចប់វគ្គសាមគ្គីអូឡាំពិកនេះ លោកខឿន ឈុនណា គ្រូបង្វឹកអត្តពលកម្មមកពីខេត្តសៀមរាប បាននិយាយថា អត្តពលិកភាគច្រើនសុទ្ធតែជាកីឡាករធំៗមិនសូវមានការហ្វឹកហាត់ពីក្មេងទេ បើយើបានបង្ហាត់ពួកគាត់ពីក្មេងទៅ ថ្ងៃខាងមុខប្រភេទកីឡាអត្តពលកម្មនឹងរកបានកីឡាករដែរមានគុណភាពច្រើន។

សូមបញ្ជាប់ថា ក្រៅពីការបញ្ដុះបណ្ដាលផ្នែកទ្រឹស្តី ក៏មានសកម្មភាពមួយចំនួន នៃការអនុវត្តផ្ទាល់នៅលើទីលាន ក្នុងវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១។ ខណៈកម្មវិធីនេះត្រូវបានបញ្ចប់នាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤៕


