មណ្ឌលគិរី ៖ បន្ទាប់ពីកើតមានករណី ពុលចំណីអារហារ ក្រោយទទួលទានសាច់ជ្រូកព្រៃ បណ្តាលឱ្យជនជាតិដើមភាគតិចព្នងមួយគ្រួសារ ពុលស្លាប់២នាក់ប្តីប្រពន្ធ ចំណែកកូនប្រុសស្រី២នាក់ និងបងថ្លៃម្នាក់ កំពុងសង្គ្រោះបន្ទាន់ កាលពីព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះទាំង៥នាក់ ជាក្រុមគ្រួសារ ប្តីប្រពន្ធ កូន និងបងថ្លៃ ទី១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានទីលំនៅក្នុងភូមិភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី (ស្លាប់) ។ ទី២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ត្រូវជាប្រពន្ធ (ស្លាប់) ។ ទី៣ ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាកូន (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ទី៤ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាកូន (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។ ទី៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាបងថ្លៃ រស់នៅក្នុងភូមិ ឃុំកើតហេតុ ភូមិ ឃុំ កើតហេតុ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។

តាមការពិនិត្យស្រាវជ្រាវ ពីសមត្ថកិច្ច និងក្រុមគ្រូពេទ្យ មកដល់រសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤នេះ ឃើញថា ជនរងគ្រោះបន្ទាប់ពីរកបានសត្វជ្រូកព្រៃ យកមកធ្វើជាផ្អកជូរ ដោយខ្លួនឯង លុះនៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៤ ជនរងគ្រោះមួយគ្រួសារខាងលើ យកសាច់ជ្រូកព្រៃដែលធ្វើជាផ្អកជូរនោះ ចម្អិនធ្វើម្ហូប នាំគ្នាទទួលទាន រួចហើយស្រាប់តែ កើតមានអាការៈពុល ចុក ក្អួតចង្អោរ ផ្អើលអ្នកស្រុក ជនរងគ្រោះជាប្តីបានស្លាប់នៅផ្ទះ ចំណែកប្រពន្ធបានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ កូនប្រុសស្រី២នាក់ និងបងថ្លៃម្នាក់ កំពុងសង្គ្រោះបន្ទាន់ ។

តាមការសាកសួរ ពិនិត្យស្រាវជ្រាវ សន្និដ្ឋាន ជនរងគ្រោះពុលផ្អកសាច់ជ្រូកព្រៃ (ផ្អកជូរ) តែទោះជាយ៉ាងណា ខាងគ្រូពេទ្យ មន្ទីរសុខាភិបាល បន្តយកសំណាក ផ្អកជូរ ទៅធ្វើការពិសោធន៍បន្តទៀត តែមិនទាន់ចេញជាលទ្ធផលលម្អិតនៅឡើយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.