ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក ជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីចាប់តាំងពីឡើងកាន់ដំណែងមក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខណៈក្រសួងព័ត៌មានអំពាវនាវអ្នកសារព័ត៌មានពាក់ព័ន្ធរៀបចំឯកសារចុះឈ្មោះឱ្យបានមុនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានបញ្ជាក់ថា៖ «យោងលិខិតលេខ១០៨៧ សជណ.ពប ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីរាជរដ្ឋាភិបាលឯកភាពឱ្យក្រសួងព័ត៌មានរៀបចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ នៅថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ»។ ក្រសួងបន្ថែមថា ហេតុនេះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានទាំងអស់ ដែលមានបំណងចូលរួមពិធីខាងលើត្រូវចាត់តាំងតំណាង១រូបដើម្បីទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែកអំពីការចុះឈ្មោះចូលរួមពិធីចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨មេសា។

ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុកជាលើកដំបូង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ ជំនួបលើកទី២ ធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ និងជំនួបលើកទី៣ ធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ ប៉ុន្តែដោយសារតែបញ្ហាវិបត្ដិជំងឺកូវីដ-១៩ ជំនួបនេះត្រូវបានលើកពេល២ឆ្នាំ ដោយចាប់ផ្តើមរៀបចំវិញលើកទី៤ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ រីឯជំនួបលើកទី៥ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ៕

អត្ថបទ៖សង្គម

Share.