ក្មេងស្រីអាយុ២ខួបម្នាក់បានស្លាប់ខណៈក្មេងប្រុសអាយុ៥ឆ្នាំរួមទាំងឪពុករងរបួសស្រាល បន្ទាប់ពីជិះម៉ូតូអកហ្សឺ និងរថយន្តកុងតឺន័រ ចាប់ហ្វាំងបណ្តាលឲ្យដួលខ្ទាត កូនស្រីចូល ក្រោមរថយន្តកុងតឺន័រ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០២១ត្រង់ចំណុចខាងលិចស្តុបបញ្ញាស័ក្ខប្រមាណជា៦០ម៉ែត្រ តាម បណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពក្មេងស្រីមានឈ្មោះ សេរី មរកត អាយុ២ខួប ។ចំណែកអ្នករងរបួសស្រាល២នាក់ទៀត រួមមាន៖ទី១មានឈ្មោះ សេរី ចេស្ដា ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ ជាកូនបង ទី២មានឈ្មោះ ឆន សុភ័ក្ខ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកជនរងគ្រោះ មុខរបរជាងភ្លើងនៅការដ្ឋានមួយកន្លែង។ អ្នកទាំងបីរស់នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់បានដឹក កូនប្រុស ស្រីពីរនាក់ កូនស្រីដាក់ពីមុខកូនប្រុសឱបចង្កេះពីខាងក្រោយជិះតាម បណ្ដោយ ផ្លូវ៣៧១ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែអកហ្សឺជាមួយនឹងរថយន្តកុងតឺន័រដែលបើកស្របទិសគ្នា ក៏ចាប់ហ្វាំងបណ្ដាល ឱ្យដួល ខ្ទាតកូនស្រីដែលនៅខាងមុខអាយុ២ខួបចូលក្រោមរថយន្តបណ្តាលឲ្យកិន បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែកឯកូនបង និងឪពុករងរបួសស្រាល ភ្លាមៗរថយន្តកុងតឺន័របើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បើតាមសម្ដីរៀបរាប់របស់ឪពុក បានប្រាប់ឲ្យដឹងថាដោយសារតែឪពុករបស់គាត់នឹកចៅពេក រូបគាត់ក៏បានដឹកកូនទាំងពីរនាក់ទៅលេងក្រោយពីទៅជួបជីតារួចហើយគាត់ក៏ដឹកកូនទាំងពីរនាក់ត្រឡប់ទៅផ្ទះវិញតែបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់កូនស្រីជាទី ស្រឡាញ់អាយុ ទើប២ខួបយ៉ាងអាណោចអាធម៌ទៅវិញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុហើយក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅឪពុកម្តាយដឹកតាមម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក រថយន្តសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់យកមកចាត់ការតាមនិតិវិធីច្បាប់៕
