បុរសម្នាក់សង្ស័យថា ស្រវឹងស្រាបានបើករថយន្តរេចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋ ទាំងយប់បណ្ដាលឱ្យរងការខូចខាតអស់ស្ទើរតែទាំងស្រុងតែសំណាងល្អ មិនបណ្ដាលឲ្យ មាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងករណីនេះទេបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៣ ម្ដុំផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការនេះ គេបានឃើញ បុរសម្នាក់បើករថយន្តហាយឡិនឌ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខសៀមរាប2B-2507 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៣ ក្នុងល្បឿនលឿន។ ពេលមកដល់ត្រង់ ចំណុច កើតហេតុខាងលើក៏បានរេចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់ស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ តែសំណាងល្អមិនបង្កឱ្យម្ចាស់ផ្ទះរងការ គ្រោះថ្នាក់ នោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលនិងបានយក រថយន្តបង្កទៅរក្សាទុកនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលចរាចរណ៍សង្កាត់ទួលសង្កែទី២ រង់ចាំ ដោះស្រាយគ្នានៅពេលក្រោយ៕




