គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» សរុប ៩៩៩នាក់ហើយនៅតាមបណ្តា ២៣រាជធានី-ខេត្ត ដែលក្នុងនោះរាជធានីភ្នំពេញ មានចំនួន ច្រើនជាងគេ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

មេរោគបំប្លែងថ្មីទាំង៩៩៩ករណីនោះត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្សផងដែរ។

តាមលទ្ធផលនេះ បានបង្ហាញថា វីរុសដែលតា បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។

តាមរយៈសេចក្តីជូនដំណឹងនោះដែរ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្តទទូចដល់សាធារណជនទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាមពាក្យស្លោកដែលថា៖ រៀនរស់នៅធម្មតាជាមួយរើសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។

ក្នុងនោះដែរត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕

Share.