ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃ ក្រសួង មហាផ្ទៃថា មកដល់ពេលនេះមានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុបានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំតាមដាន វឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់ក្រសួងមហាផ្ទៃដែលបានប្រព្រឹត្តទៅក្រោម អធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធ វីដេអូ Zoom ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ ឱ្យបន្តការងារអប់រំផ្សព្វផ្សាយអំពីការអនុវត្តវិធានការ៣កុំ ៣ការពារ ពង្រឹងការអនុវត្តច្បាប់ និងវិធានការ និងត្រូវជំរុញការចាក់វ៉ាក់សាំងឱ្យបានតាមគោលការណ៍ក្រសួងសុខាភិបាល ។
ក្នុងនោះដែរ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម រដ្ឋលេខាទទួលបន្ទុក និងឯកឧត្តមអគ្គនាយកពន្ធនាគារក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ ពិសេសការរៀបចំចាក់វ៉ាក់សាំងជូនអ្នកជាប់ឃុំ ៕
ប្រភព៖ហ្វេសប៊ុកផេកសម្តេចក្រឡាហោម




