យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិតនិងរបួសធ្ងន់ស្រាល៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះkm ១៥៦/១៥៧ ស្ថិតក្នុង ភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២សីហា កាលពីវេលាម៉ោង១១ និង ៤០នាទី ។
អធិការនគរបាលស្រុក កំពង់សិលា បានគូសបញ្ជាក់ថា នៅមុនពេលកើតហេតុគេសង្កេត ឃើញរថយន្ត ១គ្រឿងម៉ាក ព្រុស ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២BC ៣៤១៣ ទិសដៅពី ភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុពេលមកដល់ចំនុចកើតហេតុ បានវ៉ាជែង ផ្លូវកោងទៅ បុក រថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AG ៨១៤៨។
ប្រភពដដែលបានបន្តថាហេតុការណ៍នេះបណ្តាលឲ្យភាគីអ្នករួមដំណើរក្នុងរថយន្ត ហាយឡែនឌ័រ ចំនួន ០៥នាក់។ក្នុងនោះបណ្តាលឲ្យបុរសម្នាក់ស្លាប់ រងរបួសស្រាល ០៤នាក់។
បើតាមសមត្ថកិច្ច ក្រោយពេលកើតហេតុភាគីរថយន្តព្រុសបានរត់គេចខ្លួនបាត់។អ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យវាលរេញដើម្បីព្យាបាល។ឯសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះរថយន្តទាំង២គ្រឿងត្រូវបានផ្នែកជំនាញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕



