បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យកៀបជាប់ម៉ូតូនឹងរថយន្តនិងបែកមុខបែកមាត់អ្នកបើកម៉ូតូ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី ២២ខែសីហាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BH-0223បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង។ខណ:មកដល់កន្លែងកើតហេតុបានបត់ឆ្វេងផ្លូវស្រប ពេលមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FT-2993ជិះដោយ បុរសម្នាក់រួមដំណើរជាមួយស្រ្តីម្នាក់ទៀតធ្វើដំណើរបញ្ជ្រាស់ទិសគ្នាបើកលឿនជ្រុលទៅបុកជាមួយរថយន្តចំពីមុខពេញទំហឹងបណ្ដាលអោយម៉ូតូកៀបជាប់រថយន្តរងការខូចខាតយ៉ាងដំណំចំណែកអ្នកជិះម៉ូតូរបួសស្រាលបែកមុខមាត់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុនិងបានធ្វើការ គូសវាសបាញ់ថ្នាំយករថយន្តនិងម៉ូតូដាក់អែបខាងទុកពេលឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕




