កោះទឹកកកធំជាងគេបំផុតក្នុងពិភពលោក Greenland ត្រូវបានអ្នកវិទ្យាសាស្រ្តឃើញថា កោះនេះបានមានទឹកភ្លៀងជាលើកដំបូងក្នុងប្រវត្ថិសាស្ត្រ ដែលធ្វើឲ្យទឹកកកជាច្រើនបានរលាយ។ ទឹកភ្លៀងសរុបចំនួន ៧ពាន់លានតោន បានធ្លាក់លើស្រទាប់ផ្ទាំងទឹកកកនៃកោះដែលស្ថិតនៅជាប់ប៉ូលខាងជើងភពផែនដីននេះ។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ភ្លៀងដ៏ធំនេះបានធ្លាក់តាំងពីថ្ងៃទី ១៤ – ១៥ ខែ សីហា មកម្ល៉េស ប៉ុន្តែ Live science ទើបតែចេញផ្សាយអំពីអាកាសធាតុលើកោះ ថ្ងៃម្សិលម៉ិញប៉ុណ្ណោះ ដោយសារតែក្រុមអ្នកវិទ្យាសាស្ត្រត្រូវការពេលប្រមូលផ្ដុំទិន្នន័យ និងស្វែងយល់ពីបាតុភូតតចម្លែកដែលកើតមានឡើងលើកោះទឹកកកនេះសិន។

ជាធម្មតាអ្វីដែលអាចធ្លាក់លើកោះនេះភាគច្រើនគឺ ព្រិលទឹកកក មិនមែនទឹកភ្លៀងនោះទេ ប៉ុន្តែពេលនេះកោះទឹកកកបែរជាមានភ្លៀងធ្លាក់ដ៏ខ្លាំងរយៈពេល ២ ទៅ ៣ម៉ោង ហើយអាចឲ្យដុំផ្ទាំងទឹកកករលាយជាមួយទឹកភ្លៀងដែរទៅវិញ។ ទឹកភ្លៀងបានរំលាយទឹកកកលើកោះនេះចម្ងាយ ៨៧ម៉ឺន២ពាន់ គីឡូម៉ែត្រក្រឡា ឯណោះ។

ជុំវិញបាតុភូតថ្មីខាងលើនេះ ក្រុមអ្នកស្រាវជ្រាវនៃស្ថានីយ៍ស្រាវជ្រាវជាតិស្ថិតលើកំពូលកោះ Greenland ហៅកាត់ NSIDC បានបញ្ជាក់ថា គ្មានការកត់ត្រាថា ធ្លាប់មានភ្លៀងធ្លាក់នៅលើតំបន់ខាងលើនេះឡើយ។ ចំនួនទឹកកកដែលបានរលាយដោយសារទឹកភ្លៀង គឺស្មើនឹងចំនួនទឹកកកដែលរលាយក្នុងតំបន់រយៈពេល ១សប្ដាហ៍ នៅកំឡុងរដូវកាលដូចគ្នាជារៀងរាល់ឆ្នាំ។
លោក Ted Scambos ជាអ្នកវិទ្យាសាស្ត្រ NSIDC បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២១នេះ គឺជាឆ្នាំដ៏អាក្រក់មួយសំរាប់ផ្ទាំងទឹកកកដ៏ធំសម្បើម ដែលរួមជាមួយផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិច បានបង្កើតទឹកស្អាតរបស់ផែនដីចំនួន ៩៩%។ កាលពីខែ កុម្ភៈ និង ខែ កក្កដា ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ផ្ទាំងទឹកកកនៅតំបន់ Greenland និងរលាយទោះបីជាគ្មានកំដៅភពផែនដីក៏ដោយ។ នេះគឺជាសញ្ញាថ្មីមួយដែលបង្ហាញអំពីការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័ស ដែលមិនអាចស្មានទុកមុនបានសំរាប់ភពផែនដីនេះ៕
ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា (ប្រភព៖ Live Sicence)


