ដោយសារឥទ្ធិពលនៃគ្រឿងញៀន ធ្វើឲ្យបុរសម្នាក់បាត់បង់ម្ចាស់ការ លែងដឹងខុសត្រូវ ដើរគប់ វាយ ផ្ទះអ្នក គប់បែកកញ្ចក់រថយន្តឡិចស៊ីសមួយគ្រឿងធ្វើឲ្យ ពលរដ្ឋទ្រាំលែង បានប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅផ្សារចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបែកថ្នាំរូបនេះមានឈ្មោះ ហូ វ៉ាន់ឌី ភេទប្រុស អាយុ៤៣ឆ្នាំ មាន ទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែករថយន្តរង ខូចខាតបែកញ្ចក់ក្រោយ ម៉ាកឡិចស៊ីស៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AX-9062 មានម្ចាស់ឈ្មោះ ជន ជីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងបុរីវ៉ូហ្គោ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបន្តទៀតថា បុរសបែកថ្នាំម្នាក់នេះ កន្លងមកសមត្ថកិច្ចធ្លាប់បានចាប់ឃាត់ខ្លួន ដាក់ មណ្ឌលអប់រំច្រើនដងមកហើយ ចេញមកវិញមិនរាងចាល ដើរវាយ គប់ ផ្ទះ អ្នកភូមិ ដើរវាយ រថយន្តអ្នកដំណើរតាមផ្លូវ បង្កបញ្ហាមិនចេះចប់ មិនចេះហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ភ័យខ្លាច។ ស្រាប់តែនៅព្រឹកនេះ ដើរគប់បែកកញ្ចក់រថយន្តអ្នកភូមិ នៅក្នុងភូមិព្រៃជីសាក់ ទើបពលរដ្ឋប្តឹងឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនយកទៅដាក់មណ្ឌលកែប្រែសារជាថ្មី ។

ក្រោយពីតាមចាប់ឃាត់ខ្លួនបាន សមត្ថកិច្ចនាំខ្លួនទៅសំចតនៅប៉ុស្តិ៍ចោមចៅទី៣ រងចាំ កសាងឯកសារប្រគល់ជូនមន្ទីរសង្គមកិច្ច ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.