មនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ២គ្រឿងបើកបុកដួលគរលើគ្នា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-6429 ជិះឌុបគ្នា២នាក់ ប្រុសម្នាក់ស្រី១នាក់ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចខាងលើ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុកម៉ូតូម៉ាក ធូដេ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-8496 បើកបរដោយបុរសម្នាក់ ឆ្លងផ្លូវពីកើតទៅលិចបត់ឆ្ពោះទៅត្បូង បណ្តាលឲ្យវិលមួយជុំដួលគរលើគ្នា រងរបួសធ្ងន់ បុរស២នាក់ និងស្ត្រី១នាក់រងរបួសស្រាល ។
ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះប្រុសស្រី៣នាក់ត្រូវបានរថយន្តពេទ្យ ដឹកយកទៅព្យាបាលខណៈដែលភ្លាមៗនោះសមត្ថកិច្ចចុះទៅសម្រួលចរាចរណ៍ និងយក មធ្យោបាយទាំង២គ្រឿងទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕




អត្ថបទ៖តាតុងពោធិ៍ចិនតុង
