គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំ ទីតាំង ចាក់ វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនអភិបាល រាជធានីខេត្តនៅទូទាំងប្រទេសថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោងទុកចំនួន១០លាននាក់នៅឡើយ។

កត្ដានេះតម្រូវឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់ វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ឲ្យមកទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដោយស្ម័គ្រចិត្តឲ្យ បានទាន់ពេលវេលានៅតាមទីតាំង ដែលកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះឲ្យបានគ្រប់ៗគ្នា៕

Share.