ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រោយពី ប្រព្រឹត្តបទល្មើស ដោយបន្លំតាំងខ្លួនធ្វើជាសមត្ថកិច្ច ស្ទាក់ចាប់ឃាត់រថយន្តដឹកទំនិញសំឡុត ទារលុយពីបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ។

ជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មាន ស្រុកកំណើត ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ត្រូវបានសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកហ្វតចង្កូតស្តាំ ពណ៌ទឹកសមុទ្រមួយគ្រឿង រួមនឹងកោនចរាចរណ៍០៦ដើម ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យបន្លំខ្លួនធ្វើសកម្មភាព នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ហើយត្រូវបានកម្លាំង ល្បាត សង្ស័យ សាកសួរនាំ ទើបបែកធ្លាយថាជារឿងបន្លំខ្លួនដើរតួរធ្វើជាសមត្ថកិច្ច ដាក់កុងត្រូល ឃាត់ស្ទាក់រថយន្តដឹកទំនិញ ដឹកផ្លែឈើ ទារលុយចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបាននាំទៅផ្នែកជំនាញអាវុធហត្ថរាជធានីភ្នំពេញ លុះដល់ រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកាដើម្បី ចាត់ការ តាមផ្លូវច្បាប់ ៕
