
ក្រុមបាល់ទះជម្រើសជាតិនារី ដែលធ្លាប់ឈ្នះជើងរហូតដល់១៣លើក គឺចិន ជាប្រទេសទី៦ ដែលសម្រេចចិត្តប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍បាល់ទះជើងឯកប្រចាំទ្វីបអាស៊ី Asian Women’s Volleyball Championship ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីន ពីចុងខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
គិតត្រឹមពេលនេះមានប្រទេសសរុប៦ ហើយដែលសម្រេចមិនបញ្ជូនក្រុមបាល់ទះនារីរបស់ខ្លួនចូលរួមប្រកួតដណ្តើមជើងឯកប្រចាំទ្វីបនេះ ដោយក្នុងនោះមានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា នេប៉ាល់ និងចិន។
ក្រុមដែលនៅសល់មានហ្វីលីពីន, កាហ្សាស្ថាន,តៃវ៉ាន់, អ៊ូប៊ែគីស្ថាន,ថៃ,អ៊ីរ៉ង់ និងអូស្រ្តាលី។ ២ក្រុមដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះ នឹងមានឈ្មោះចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកពិភពលោក 2022 FIVB Volleyball Women’s World Championship ដែលគ្រោងធ្វើនៅប្រទេសហុល្លង់ និងប៉ូឡូញ ជាសហម្ចាស់ផ្ទះនៅឆ្នាំ២០២២ ខាងមុខ។
តាមផែនការការប្រកួតធ្វើឡើងពីថ្ងៃទី២៩ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ស្របពេលម្ចាស់ផ្ទះហ្វីលីពីន បានត្រៀមកីឡដ្ឋានចំនួន៣ ដើម្បីទទួលរៀបចំការប្រកួតដូចជាទីលាន Bren Z. Guiao Convention Center ក្នុងទីក្រុង San Fernando, Pampanga ទីលាន Subic Gymnasium ក្នុងទីក្រុង Olongapo (Subic) និងទីលាន AUF Sports and Cultural Center ក្នុងទីក្រុង Angeles City។
ពានរង្វាន់បាល់ទះជើងឯកប្រចាំទ្វីបសម្រាប់នារី នេះរៀបចំរាល់២ឆ្នាំម្តង ដោយធ្វើឡើងចាប់ពីឆ្នាំ១៩៧៥ មកម៉្លេះ ដោយក្រុមមានក្រុមចូលរួមទាំងតំបន់អាស៊ីនិងដែនកោះមួយចំនួនក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយចិន ឈ្នះជើងឯកបានច្រើនជាងគេគឺរហូតដល់១៣លើក៕

