ក្រុមតាលីបង់ បានព្រមានសហរដ្ឋអាមេរិកពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិកនៅបន្តពន្យាពេលក្នុងប្រទេសអាហ្វហ្កានីស្ថានលើសពីសប្ដាហ៍ក្រោយ។

ខណៈដែលមានភាពវឹកវរនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលកាន់តែរញេរញៃ អ្នកនាំពាក្យក្រុមតាលីបង់ម្នាក់បានប្រាប់ថា បើចង់ជម្លៀសប្រជាជនអាហ្វហ្កានីស្ថានចេញពីប្រទេស លើសពីសប្ដាហ៍នេះ គឺមិនបានទេ ហើយអាចមានផលវិបាកប្រសិនបើអាមេរិក ក៏ដូចជាសម្ព័ន្តមិត្តផ្សេងទៀតមិនទាន់ចេញពីអាហ្វហ្កានីស្ថាន។

ក្រុមតាលីបង់ព្រមានអាមេរិកថា នឹងមានផលវិបាកធ្ងន់ធ្ងរប្រសិនបើពន្យាពេលដកទ័ពចេញពីអាហ្វហ្កានីស្ថាន

អ្នកនាំពាក្យក្រុមតាលីបង់ ស៊ូហាល់ ហ្សាហ៊េន បានប្រាប់ទូរទស្សន៍ Sky News ថា ការស្នាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថានលើសពីកាលកំណត់គឺចាត់ទុកថា ជាការឈ្លានពាន។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានកំណត់ថ្ងៃទី ៣១ ខែ សីហា នេះជាថ្ងៃចុងក្រោយនៃការដកទ័ព និងជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្ដែប្រទេសសម្ព័ន្តមិត្តផ្សេងៗទៀតបានជំរុញឲ្យមានការជម្លៀស និង ជួយសង្រ្គោះមនុស្សបន្តទៀត ប៉ុន្ដែទោះជាចង់ពន្យាពេលទៀតក៏លែងបានដែរ ព្រោះក្រុមតាលីបង់បានចេញសេចក្ដីព្រមានធ្ងន់ៗរួចទៅហើយ។

សូមបញ្ជាក់ថា ពេលនេះលោក ចូ បៃដិន កំពុងតែរងសម្ពាធពីបណ្ដាប្រទេសសមាជិក G7​ ពាក់ព័ន្ធការពន្យាពេលបន្ថែម ដើម្បីជម្លៀសប្រជាជនចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ៕

ប្រភព៖ CNA

Share.