ទឹកជំនន់យ៉ាងគំហុកបានវាយប្រហារតំបន់មួយចំនួន នៃប្រទេសសិង្ហបុរី ដោយសារតែនៅថ្ងៃអង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០២១ ទូទាំងកោះនេះទទួលរងភ្លៀងធ្លាក់យ៉ាងខ្លាំង។
ទីភ្នាក់ងាររដ្ឋាករទឹកជាតិ PUB បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ទឹកជំនន់យ៉ាងគំហុកនេះ បានវាយប្រហារផ្លូវ ឌូនៀន ចាប់ពីមជ្ឈមណ្ឌល ស៊ាម ដាប៊ី ឆ្ពោះទៅឧទ្យាន ប៊ិនចៃ នៅម៉ោង ១០:០៨នាទីព្រឹកនេះ។
ទីភ្នាក់ងាររដ្ឋាករទឹកជាតិប្រទេសសិង្ហបុរី ក៏បានព្រមានពីហានិភ័យទឹកជំនន់នៅទីតាំងចំនួន ៤ផងដែរ ដោយសារកម្រិតទឹកបានកើនឡើងដល់ ៩០% នៅក្នុងតំបន់ទាំង៤។
ក្នុងរូបភាពដែលបង្ហោះដោយសារព័ត៌មាន CNA បានបង្ហាញថា ផ្លូវថ្នល់មួយចំនួន រួមទាំងទឹកនៅក្នុងប្រឡាយនៃប្រទេសសិង្ហបុរីកំពុងតែត្រូវបានជន់លិចយ៉ាងគំហុក។
នេះគឺជាគ្រោះធម្មជាតិដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ខណៈដែលបណ្ដាប្រទេសផ្សេងៗទៀតក៏បានរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា គ្រោះទឹកជំនន់ គ្រោះរអិលបាក់ដី និង ការកើនឡើងកំដៅជាដើម៕

ប្រភព៖ CNA
