ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ ដោយដកហូតវត្ថុតាងមួយចំនួន រីឯអ្នកលេងរត់បាត់អស់។

ប្រតិបត្តិការណ៍ខាងលើនេះ មានការចូលរួមសហការពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ និងមន្ត្រីជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការចុះបង្ក្រាបទីតាំងជល់មាន់ខាងលើ តែក្រុមអ្នកញៀនល្បែងដឹងខ្លួនទាន់នាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកតែរថយន្តចំនួន២គ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-8779 និង Toyota Prius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-4775 និងម៉ូតូចំនួន៥គ្រឿង មាន់១ក្បាល ។

ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍នេះរួចរាល់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានធ្វើការដឹកបញ្ចូនវត្ថុតាងមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យមន្ត្រីយុត្តិធម៌អនុវត្តន៍តាមនីតិវិធី ៕
