គិតមកដល់យប់ថ្ងៃទី២៤សីហាឆ្នាំ២០២១នេះ តំបន់មួយចំនួននៃក្រុងព្រះសីហនុបាន រងការ ជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកប្រមាណជិត៤ម៉ោង ជាហេតុធ្វើអោយ ប្រជាពលរដ្ឋមួយចំនួន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។

ប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានទឹកជន់លិចកំពុង ស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ខណៈពេលកំពុងជួបវិបត្តិកូវីដ១៩ ហើយត្រូវមកជួបគ្រោះទឹកជំនន់មួយជាន់ទៀត។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ចាក់ថាគិតត្រឹម ម៉ោង ០៩យប់ថ្ងៃទី២៤ខែសីហានេះ កម្រិតទឹកភ្លៀងមានកម្ពស់២៤៩មម។

យោងតាម ការព្យាករណ៍នៅខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដូច្នេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញ ពីផ្ទះបើគ្មានភាពចាំបាច់។

ចំពោះផលប៉ះពាល់ អាជ្ញាធរមូលដ្ឋាន នៅពុំទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ ព្រោះ ស្ថានភាពភ្លៀវនៅតែបន្តធ្លាក់ដដែល បើទោះបីជា មានការថមថយបន្តិចក្តី។

គួបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ ក្រុងព្រះសីហនុ បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រោយពីរដ្ឋបាលខេត្តបានធ្វើការស្តាប្រព័ន្ធអូរ ប្រឡាយ រួចមកនៅឆ្នាំ២០២០ ក្រុងព្រះសីហនុ ពុំមានការជន់លិចនោះទេ ទើបតែនៅរដូវវស្សាឆ្នាំ២០២១នេះ ស្រាប់តែ មានការជ់នលិចសារជាថ្មី ដែលកំរិតជន់លិចនេះ ប្រហាក់ប្រហែលឆ្នាំ២០១៩ ដែរ៕

Share.