សមត្ថកិច្ចកិច្ចស្រាវជ្រាវឃាត់ខ្លួនម្ចាស់អាខោន Accou Nt ក្រោយបង្ហោះសារក្នុងបណ្តាញសង្គមខុសពីការពិត។

បុរសម្នាក់ក្រោយឡាយបង្ហោះសារវីដេអូរក្លីបចែករំលែកនៅក្នុងបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ជុំវិញខ្លឹមសារថា ផ្លែមៀនរបស់កសិករបេះរួចជាង ២តោនមិនមានអ្នកទទួលទិញ ពេលនេះត្រូវនគរបាលការិយាល័យជំនាញនាំខ្លួនមកសាកសួរ និងស្រាយបំភ្លឺហើយ ស្របពេលដែលក្រុមការងារសម្តេចតេជោ ហ៊ុន សែន កំពុងបើកការប្រមូលទិញផ្លែមៀន និងតាង៉ែនយ៉ាងផុលផុសនៅតាមបណ្តាស្រុកជាប់តំបន់ព្រំដែន តំបន់ដាច់ស្រយាល និងនៅក្នុងទីប្រជុំជនក្រុងបាត់ដំបងផងដែរ។

ការអនុវត្តនាំខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ដោយឃាត់ខ្លួនមនុស្ស ២នាក់ មានឈ្មោះងួន លី ហៅផាត រស់នៅក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀងជាអ្នកបង្ហោះសារវីដេអូរ និងម្នាក់ទៀតឈ្មោះធាម គឹមហ៊ន រស់នៅក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

បុរសអ្នកបង្ហោះសារខាងលើបានបញ្ជាក់ថា នៅថ្ងៃកើតហេតុក្រុមឈ្មួញបានបញ្ជាទិញតាង៉ែនពីម្ចាស់ចម្ការ ដូចនេះបងម្ចាស់ចម្ការបានប្រមែប្រមូលកម្មករឲ្យមកបេះតាង៉ែនបានប្រមាណ ២តោនកន្លេះ រួចវេចខ្ជាប់ច្រកថង់ដឹកយកទៅលក់ ពេលដឹកទៅដល់ក្រុមឈ្មួញបានប្រាប់ថាផ្លែតាង៉ែនខូចច្រើនឲ្យត្រឡប់មកផ្ទះវិញហើយវេចខ្ជាប់់ដាក់ក្នុងកេះវិញ លុះបានច្រកផ្លែតាង៉ែនដាក់ក្នុងកេះរួចហើយក្រុមឈ្មួញបានប្រាប់ថា ផ្លែតាង៉ែនខាងលើខូចច្រើនមិនទទួលទិញទេ ដូចនេះទើបគាត់បែកគំនិត ឡាយផុសជាវីដេអូរហើយរៀបរាប់តែម្តង។

ចំណែកលោក ធាន គឹមហ៊ន ម្ចាស់ចម្ការតាង៉ែនបានលើកឡើងដែរថា លោកមិនបានដឹងថាបុរសអ្នកដែលមកជួយវេចខ្ជាប់បានថត និងឡាយវីដេអូរនៅក្នុងបណ្តាញសង្គមនោះទេ ហើយលោកក៏មិនចេះបង្ហោះ ឬសរសេរសារអ្វីនោះដែរ។

ជាមួយគ្នានៅថ្ងៃទី ២៤ ខែសីហា ដដែលរដ្ឋបាលខេត្តបាត់ដំបងចេញលិខិតបដិសេធទាំងស្រុងនូវសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់អាខោន Accou Nt ។ រីឯមន្ត្រីការិយាល័យសន្តិសុខផ្ទៃក្នុងបានអះអាងដែរថា ទង្វើបែបនេះ គឺបានបង្កឱ្យមានការភាន់ច្រឡំដល់មជ្ឈដ្ឋានមហាជនទូទៅ ជាពិសេសអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម។

ក្រោយការសាកសួរកម្លាំងការិយាល័យជំនាញបានអប់រំណែនាំដល់បុរសម្ចាស់ចម្ការហើយឲ្យវិលត្រឡប់មកលំនៅដ្ឋានវិញ ចំណែកឯបុរសជនបង្កជាអ្នកបង្ហោះសារត្រូវបានឃាត់ខ្លួនអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.