រាជរដ្ឋាភិបាលកម្ពុជាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។
ការសម្រេចរបស់រាជរដ្ឋាភិបាលនេះធ្វើឡើងដោយផ្អែកតាមការសិក្សាស្រាវជ្រាវ រកឃើញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ។
បើតាមរាជរដ្ឋាភិបាល ការចាក់ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត៕





