មានហេតុការណ៍ឆេះម៉ាស៊ីនត្រជាក់នៅមន្ទីរពហុព្យាបាលនិងសម្ភព សុខលាភ មេត្រី ផ្អើលក្រុមគ្រូពេទ្យនិងអ្នកជំងឺរត់ចែកជើងគ្នា កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតមានអ្នកជំងឺបានបើកម៉ាស៊ីនត្រជាក់ហើយនៅពេលចេញទៅវិញមិនបានបិទក្រោយមកក៏មានផ្សែងខ្មួលខ្មាញ់ហុយចេញពីបន្ទប់ខាងលើ។ភ្លាមៗនោះ ក្រុមសន្តិសុខនិងក្រុមគ្រូពេទ្យបាននាំគ្នាយកបំពង់ពន្លត់   អគ្គិភ័យធ្វើបាញ់ពន្លត់ទប់ស្កាត់មិនឲ្យរាលដាលបន្ត។ប៉ុន្តែដោយមានផ្សែងខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បានក៏ប្រញាប់រាយការណ៍ទៅកម្លាំងសម្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់ អគ្គិភ័យឲ្យចេញជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យឆាបឆេះមន្ទីរពេទ្យ ភ្លាមនោះសមត្ថកិច្ច ក៏បានទាក់ទងទៅរថយន្តបង្ការនិងពន្លត់អគ្គិភ័យចុះមក ជួយអន្តរាគមន៍បាញ់ទឹករលត់ទៅវិញភ្លាមៗមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ 

ករណីអគ្គិភ័យខាងលើនេះ បើតាមសមត្ថកិច្ចគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។សមត្ថកិច្ចបានប្រើ រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ចំនួនសរុប៥គ្រឿង បាញ់ទឹកអស់៣ឡាន ទើបអាចឈានទៅគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ៕

អត្ថបទ៖សេង សាវី

Share.