រថយន្តកូរ៉េដឹកត្រីមួយគ្រឿង ដឹកត្រីពេញទ្រុងរថយន្តបើកវ៉ាក់អើជាមួយរថយន្តច្រាសទិស ព្យាយាមហ្វ្រាំង បែរជាបណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់ត្រីចោលពេញផ្លូវ សំណាងល្អគ្មាន អ្នករងរបួស ហើយក៏មិនប៉ះដល់អ្នកដទៃ ។

ក្រោយកើតហេតុ ត្រូវបានកម្លាំងនគរបាលស្រុក បងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍ផងដែរ កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ខាងមុខមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ចំណុច ភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ប្រភពពីនគរបាលស្រុកជើងព្រៃ បានឲ្យដឹងតាមទូរស័ព្ទថា មុនកើតហេតុរថយន្តកូរ៉េទ្រុង ពណ៌ស មួយគ្រឿង ដឹកត្រី បើកបរដោយបុរសម្នាក់ រួមជាមួយព្រូម្នាក់ បើកតាមផ្លូវជាតិលេខ៦ ទិសដៅពីលិចទៅកើតល្បឿនលឿន គោលបំណងឆ្ពោះទៅខេត្តសៀមរាប ។ លុះបើកដល់ ចំណុចកើតហេតុ គាប់ជួនមានរថយន្តបើកច្រាសទិស វ៉ាក់អើ ធ្វើឲ្យអ្នកបើកបរព្យាយាមហ្វ្រាំង ធ្វើឲ្យរថយន្ត យោកយោល បណ្តាលឲ្យក្រឡាប់ម្នាក់ឯង សំណាងល្អមិនបណ្តាលឲ្យរងរបួស និងមិនប៉ះដល់អ្នកដទៃ ត្រីខ្ចាយហែល លោតពេញផ្លូវ ។

ក្រោយកើតហេតុកងកម្លាំងនគរបាល និងបងប្អូនប្រជាពលរដ្ឋ បានជួយប្រមូលចាប់ត្រី ឲ្យជនរងគ្រោះ ចំពោះរថយន្តរងការ ខូចខាតបន្តិចបន្តួច សមត្ថកិច្ចបាន ប្រគល់ឲ្យ ម្ចាស់ ស្ទូចលើក ឡើងវិញនិងអនុញាតឲ្យបន្តដំណើរទៅទៀត ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.