ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌកំបូល បង្ក្រាបចាប់ខ្លួនបានបន្តបន្ទាប់ ដកហូតបានម៉ូតូចំនួន២គ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល និងនៅក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ និងព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ម៉ី ដាវង្ស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបន្តទៀតថា ជនសង្ស័យទាំង២នាក់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កន្លងមកបានទៅធ្វើសកម្មភាពកាច់កម៉ូតូ នៅសង្កាត់កំបូល ខណ្ឌកំបូល ហើយត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបានម្នាក់ នាំទៅសាកសួររួច បន្តស្រាវស្រាវចាប់ខ្លួនបក្ខពួកម្នាក់ទៀតនៅព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដកហូតបានម៉ូតូ២គ្រឿង ហុងដាសេ១២៥មួយគ្រឿងរបស់ជនរងគ្រោះ និងម៉ាកZOOMER មួយគ្រឿង ដែលជនសង្ស័យលួចបានកន្លងមក រួមទាំងសម្ភារៈមួយចំនួនទៀត ។

បើតាមលោក ហង្ស មុនី អធិការខណ្ឌកំបូល បានផ្សព្វផ្សាយអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ បាត់ម៉ូតូម៉ាកZOOMER មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HP- 5961 ត្រូវបានជនសង្ស័យប្តូរដាក់ស្លាកលេខ បាត់ដំបង 1AA-6748 សូមអញ្ជើញទៅទំនាក់ទំនងនៅអធិការដ្ឋានខណ្ឌកំបូល ៕
