សារព័ត៌មាន Yahoo News បានចុះផ្សាយថា កាលពីម្សិលម៉ិញមានជនភៀសខ្លួនតែ ៩នាក់ប៉ុណ្ណោះត្រូវបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ប៉ុន្ដែពេលនេះបានកើនឡើងដល់ចំនួន ១៦នាក់ហើយ។
ជនភៀសខ្លួនចេញប្រទេសអាហ្វហ្កានីស្ថាន ទាំង ១៦នាក់ ដែលតេស្តវិជ្ជមានកូវីដ ១៩ ស្ថិតក្នុងចំណោមមនុស្ស ៧៨ នាក់នោះ បានចុះចតនៅទីក្រុងញូវដេលីកាលពីថ្ងៃអង្គារម្សិលម៉ិញនេះ។

អ្នកដំណើរទាំងអស់ដែលជាជនភៀសខ្លួន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ និង បង្កាការឆ្លងមេរោគកូវីដ១៩ចូលក្នុងប្រទេស។ ពួកគេទាំងអស់បានធ្វើតេស្ដមេរោគកូវីដ១៩ នៅពេលដែលមកដល់អាកាសយានដ្ឋានអន្តរជាតិ អ៊ីន ឌីរ៉ា ហ្គេននី ក្នុងទីក្រុងញូវដេលី ភាគខាងជើងប្រទេសឥណ្ឌា។ អ្វីដែលគួរឲ្យព្រួយបារម្ភគឺ ពួកគេទាំង ១៦នាក់ ដែលវិជ្ជមានកូវីដ១៩ សុទ្ធតែមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់។
ភ្លាមៗនោះ ក្រសូងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានប្រកាសថា មនុស្សដែលធ្វើដំណើរចេញពីអាហ្វហ្កានីស្ថាន និងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដាច់ខាត។ ខណៈរដ្ឋាភិបាលឥណ្ឌាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការជួយជម្លៀសប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ ក្នុងគ្រាលំបាក ដោយសារប្រធានាធិបតីប្រទេសនេះ បានភៀសខ្លួនចេញពីប្រទេស ហើយក្រុមតាលីបង់កំពុងតែបង្កភាពវឹកវរកាន់តែខ្លាំងឡើងៗ។

សូមជម្រាបថា នៅថ្ងៃនេះក្រុមតាលីបង់បានប្រកាសហាមមិនឲ្យប្រជាជនអាហ្វហ្កានីស្ថានចូលទៅអាកាសយានដ្ឋានទីក្រុងកាប៊ុលទៀតទេ ដោយអនុញ្ញាតតែជនបរទេសប៉ុណ្ណោះអាចធ្វើដំណើរចេញពីអាហ្វហ្កានីស្ថានឲ្យអស់ត្រឹមថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២១នេះ៕
ប្រភព៖ Yahoo News
