ភ្នំពេញោ៖ ស្ត្រីម្នាក់ដេកស្លាប់នៅបន្ទប់ជួលជាន់ទី៣បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
សពស្ត្រីរងគ្រោះខាងលើនេះ មានឈ្មោះ ភាន ស៊ាង ហៃ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិរអាងលើ ឃុំ រអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហេតុការណ៍នេះ ស្ថិតនៅចំនុចបន្ទប់ជួលជាន់ទី៣ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នៅ វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

បើយោងតាមសម្តីរបស់ក្មួយស្រីស្ត្រីខាងលើបានឲ្យដឹង ថា មីងរបស់គាត់ដែលស្លាប់បាត់បង់ជិវិតនេះ គឺទើបតែមកពីស្រុកកំណើតនៅឯខេត្តកំពង់ចាម ទាំងដែលខ្លួនគាត់មានជំងឺប្រចាំកាយផង ម្យ៉ាងដោយសារតែជីវភាពខ្វះខាតនិងជំពាក់បំណុលធនាគារផងនោះ ទើបគាត់សម្រេចចិត្តមករកការងារធ្វើនៅភ្នំពេញ ហើយក៏បានសុំក្មួយរបស់គាត់ស្នាក់នៅបន្ទប់ជាមួយគ្នា ដែលមានគ្នាចំនួន៣នាក់ លុះនៅព្រឹកថ្ងៃកើតហេតុ ក្មួយស្រីរបស់គាត់បានដាស់មីងឲ្យក្រោកទៅធ្វើការដោយស្រែកហៅផងយកដៃទៅអង្រួនផងក៏នៅតែមិនងើប ទើបដឹងថាម្តាយមីងរបស់គាត់បានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។ ភ្លាមៗនោះក្មួយស្រីរបស់ស្ត្រីរងគ្រោះក៏បានរាយការណ៍ជូនដល់សមត្ថកិច្ចមូលដ្ឋាន ក្រោយពេលទទួលព័ត៍មានថាមានមនុស្សស្លាប់បែបនេះសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ សហការណ៍ជាមួយនគរបាលជំនាញខណ្ឌមានជ័យ កម្លាំងការិយាល័យកោសល្យវិច័យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ រួមនិងក្រុមគ្រូពេទ្យចុះមកពិនិត្យសពនិងយកសំណាកធ្វើតេស្តរកមេរោគកូវីដ ១៩ ។

បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាករួចលទ្ធផលអវិជ្ជមាន ដោយឡែកខាងជំនាញកោសល្យវិច័យបានបញ្ជាក់ឲ្យដឹងថាសពស្ត្រីខាងលើនេះគឺស្លាប់ដោយសារគាំងបេះដូងនិងថប់ដង្ហើម។រួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
