នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី ជនជាតិកូរ៉េខាងត្បូង ដែលមានឈ្មោះថា Kim Sang Sik ជាគ្រូបង្វឹកទាំងក្រុមជម្រើសជាតិវៀតណាម ឈុតធំ និងឈុត U23។

ដូច្នេះលោក Kim Sang Sik នឹងឡើងទៅជំនួសកៅអីលោក Philippe Troussier គ្រូបង្វឹកសញ្ជាតិបារាំង ដែលបានចាកចេញ ក្រោយរងការរិះគន់យ៉ាងចាស់ពីសំណាក់អ្នកគាំទ្រវៀតណាម បន្ទាប់ពីដឹកនាំចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ២ប្រកួតជាប់គ្នា នៅវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026 ជុំទី២។
លោក Kim Sang Sik មានវ័យ ៤៧ឆ្នាំ ធ្លាប់ដឹកនាំក្រុម Jeonbuk Hyundai Motors សមាជិកលីគកំពូលកូរ៉េខាងត្បូង ជួយឲ្យក្លិបឈ្នះជើងឯក K League 1 ឆ្នាំ២០២១ និង Korean FA Cup ឆ្នាំ២០២២។
គួរដឹងថាលោក Kim Sang Sik ក្លាយជាគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងទី២ ដឹកនាំក្រុមជម្រើសជាតិវៀតណាម បន្ទាប់ពីលោក Park Hang-Seo ចូលដឹកនាំចន្លោះពីឆ្នាំ២០១៧ ដល់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទើបចាកចេញពីតំណែង។

ស្នាដៃលោក Park Hang Seo ក្នុងនាមជាគ្រូបង្វឹករៀតណាម៖
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U-23 Championship (ចាញ់ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ២-១)
– 2018 នៅ Asian Games ក្រុមជម្រើសជាតិវៀតណាម ក៏បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ជាលើកដំបូងក្នុងរយៈពេល ៥៦ឆ្នាំ
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមឈ្នះពាន AFF Championship បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៣-២ សរុបទាំង២ជើងនៅពហុកីឡដ្ឋានជាតិ Mỹ Đình ទីក្រុងហាណូយ។
– 2019 ពានរង្វាន់ AFC Asian Cup វៀតណាមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមជើងឯករងជប៉ុន ១-០ នៅប្រទេសអារ៉ាប់រួម។
– 2021 ជួយឲ្យក្រុមជម្រើសជាតិវៀតណាម ក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ៕

